ការចុះបញ្ជីរថយន្តថ្មីនៅទូទាំងទ្វីបអឺរ៉ុប បានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងខែកក្កដា ប៉ុន្តែការលក់រថយន្តប្រើថាមពលអគ្គិសនី និង Plug-in Hybrid នៅតែបន្តកើនឡើងយ៉ាងខ្លាំង។
យោងតាមទិន្នន័យពី JATO Dynamics បង្ហាញថា រថយន្តថ្មីចំនួន ៩៦៧ ៨៣០ គ្រឿង ត្រូវបានចុះបញ្ជីនៅទូទាំងទីផ្សារអឺរ៉ុប ចំនួន ២៦ ក្នុងខែកក្កដា។ វាគឺជាការធ្លាក់ចុះចំនួន ២៤ ភាគរយ ពីចំនួន ១,២៧ លានគ្រឿងដែលបានចុះបញ្ជីកាលពីខែកក្កដាឆ្នាំមុន។ បើទោះបីជាបែបនេះក៏ដោយ ការលក់ពីមួយឆ្នាំទៅមួយឆ្នាំនៅតែមានភាពវិជ្ជមាន ជាមួយនឹងការចុះឈ្មោះសរុបចំនួន ៧ ៣៨១ ៧៣៥ គ្រឿង ពោលគឺកើនឡើង ១៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។
ក្នុងនោះចំណែកទីផ្សារសម្រាប់រថយន្តប្រើសាំងនៅទូទាំងទ្វីបអឺរ៉ុបនៅតែបន្តធ្លាក់ចុះ។ នៅខែកក្កដាឆ្នាំ ២០១៩ រថយន្តប្រើម៉ាស៊ីនសាំង មានចំនួន ៦៣,៤ ភាគរយនៃចំណែកទីផ្សារសរុប។ ត្រឹមខែកក្កដា ឆ្នាំ ២០២០ វាបានធ្លាក់ចុះមកត្រឹម ៥៩,៨ ភាគរយ ហើយនៅខែកក្កដាឆ្នាំ ២០២១ គឺនៅសល់ត្រឹម ៥៩,០ ភាគរយ។
ជាមួយគ្នានេះដែរ ការចុះឈ្មោះរថយន្តប្រើម៉ាស៊ីនម៉ាស៊ូត ក៏បានថយចុះចំនួន ១៦៦ ០០០ គ្រឿងនៅចន្លោះខែកក្កដា ឆ្នាំ ២០២០ ដល់ខែកក្កដាឆ្នាំ ២០២១ និង ជិត ២០៧ ០០០ គ្រឿង នៅចន្លោះខែកក្កដាឆ្នាំ ២០១៩ និងកក្កដា ២០២១។
ដោយឡែក ការចុះឈ្មោះរថយន្តអគ្គិសនីថ្មីបានកើនឡើងចំនួន ៤៩ ០០០ គ្រឿងនៅចន្លោះខែកក្កដា ឆ្នាំ ២០២០ ដល់ ខែកក្កដា ឆ្នាំ ២០២១ និង ចំនួន ១២៥ ០០០ គ្រឿង នៅចន្លោះខែកក្កដា ឆ្នាំ ២០១៩ ដល់ ខែកក្កដា ឆ្នាំ ២០២១៕