យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសចិនបានប្រកាសពីផែនការបង្កើតផ្សារភាគហ៊ុនទី៣ ដើម្បីបម្រើដល់អាជីវកម្មខ្នាតតូច និងមធ្យម នៅក្នុងទីក្រុងប៉េកាំង។
ប្រធានាធិបតី ស៊ី ជិនពីង បាននិយាយអំឡុងសុន្ទរកថាទៅកាន់ពិព័រណ៍អន្តរជាតិសម្រាប់ពាណិជ្ជកម្មសេវាកម្មមួយថា ទីផ្សារភាគហ៊ុនថ្មីនឹងស្ថិតនៅក្នុងរដ្ឋធានីប៉េកាំង។
គួរឲ្យដឹងថា បច្ចុប្បន្នចិនដីគោកមានទីផ្សារភាគហ៊ុនធំពីរ ដែលមានមូលដ្ឋាននៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុសៀងហៃ និងទីក្រុងសិនជិនភាគខាងត្បូង។
ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលក្រុមហ៊ុនចិន ស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង ទាំងនៅក្នុងប្រទេស និងនៅសហរដ្ឋអាមេរិក។
ខណៈដែលប្រធានាធិបតី ស៊ី ជិនពីង មិនបានបញ្ជាក់លម្អិតអំពីផែនការនេះ គណៈកម្មការបទបញ្ញត្តិមូលបត្រចិន China Securities Regulatory Commission (CSRC) បាននិយាយថា “សហគ្រាសធុនតូច និងមធ្យម អាចធ្វើអ្វីដែលអស្ចារ្យ”។
និយតករខាងលើបាននិយាយថា ប្រព័ន្ធចុះឈ្មោះសម្រាប់ការផ្លាស់ប្តូរ នឹងមានលក្ខណៈប្រហាក់ប្រហែលនឹងទីផ្សារ STAR របស់សៀងហៃ ដែលត្រូវបានគេមើលឃើញថាជាការឆ្លើយតបរបស់ចិន ចំពោះវេទិកា Nasdaq ដែលមានបច្ចេកវិទ្យាខ្លាំងនៅសហរដ្ឋអាមេរិក៕