ក្រុមហ៊ុនផលិតរថយន្ត Porsche បានប្រកាសពីផែនការបង្កើតកន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍អចិន្រ្តៃយ៍មួយ នៅក្នុងប្រទេសចិនដោយសារតែវាចង់ពង្រឹងវត្តមានរបស់ខ្លួន តាមរយៈតំបន់អាស៊ី។
មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មីនេះនឹងមានទីតាំងនៅទីក្រុងសៀងហៃ។ វានឹងផ្តោតលើការយល់ដឹងកាន់តែច្បាស់ អំពីតម្រូវការរបស់អតិថិជននៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សារតែមួយធំជាងគេ របស់ក្រុមហ៊ុន Porsche។
មជ្ឈមណ្ឌលនេះនឹងចូលរួមជាមួយក្រុមហ៊ុន Porsche Digital China ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន និងក្រុមហ៊ុន Porsche Engineering China ដែលមានវត្តមាននៅក្នុងប្រទេស អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Porsche ដំណើរការនូវកន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍ជាច្រើននៅជុំវិញពិភពលោក ដែលទាំងអស់នេះត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ ទៅនឹងមូលដ្ឋានវិស្វកម្មរបស់ក្រុមហ៊ុន នៅទីក្រុង Weissach ប្រទេសអាល្លឺម៉ង៕