ក្រុមហ៊ុន Apple បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងបន្ធូរបន្ថយគោលនយោបាយមួយចំនួនលើ App Store របស់ខ្លួន ដោយអនុញ្ញាតឲ្យកម្មវិធីប្រព័ន្ធផ្សព្វផ្សាយ ដឹកនាំអតិថិជនដោយផ្ទាល់ទៅគេហទំព័ររបស់ពួកគេ ដោយមិនចាំបាច់បង់កម្រៃជើងសារឡើយ។
ការផ្លាស់ប្តូរដែលនឹងត្រូវអនុវត្តនៅដើមឆ្នាំក្រោយនេះ កំពុងត្រូវបានដាក់ឲ្យដំណើរការ ដើម្បីបញ្ចប់ការស៊ើបអង្កេតមួយ ដោយគណៈកម្មការពាណិជ្ជកម្មយុត្តិធម៌ជប៉ុន Japan Fair Trade Commission។
ការកែប្រែនេះនឹងលើកលែងលើប្រភេទកម្មវិធីអាន (reader apps) ដែលផ្តល់មាតិកាឌីជីថល ដូចជា កាសែត សៀវភៅ តន្ត្រី ឬវីដេអូ ពីការប្រើប្រព័ន្ធទូទាត់តាម App Store ដូច្នេះនឹងអាចជៀសវាងការបង់កម្រៃជើងសា ៣០ ភាគរយ។
ក្រុមហ៊ុន Apple បានប្រាប់ឲ្យដឹងថា ពួកកេការគោរពយ៉ាងខ្លាំងចំពោះគណៈកម្មការ Japan Fair Trade Commission និងកោតសរសើរចំពោះការងារដែលពួកគេបានធ្វើរួមគ្នា ដែលនឹងជួយអ្នកអភិវឌ្ឍន៍កម្មវិធីអាន ធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួល រៀបចំ និងគ្រប់គ្រងកម្មវិធី និងសេវាកម្មរបស់ពួកគេ ព្រមទាំងការពារភាពឯកជនរបស់ពួកគេ និងរក្សាការជឿជាក់របស់ពួកគេផងដែរ។
សូមបញ្ជាក់ថា អ្នកអភិវឌ្ឍន៍កម្មវិធីមាតិកាឌីជីថល នឹងអាចភ្ជាប់ទៅគេហទំព័ររបស់ពួកគេ ដែលអ្នកប្រើប្រាស់អាចបង្កើត ឬគ្រប់គ្រងគណនីរបស់ខ្លួនបាន។ នេះបើយោងតាម Apple៕