យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សេដ្ឋកិច្ចប្រទេសឥណ្ឌាបានស្ទុះងើបឡើងវិញ ក្នុងអត្រាខ្ពស់បំផុតមួយក្នុងរយៈពេល ៣ខែ គិតត្រឹមចុងខែមិថុនា ទោះបីរលកទី ២ នៃជំងឺកូវីដ១៩ បានវាយប្រហារប្រទេសក៏ដោយ។
ការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ បានអនុញ្ញាតឲ្យមានសកម្មភាពសេដ្ឋកិច្ចច្រើន បើប្រៀបធៀបទៅនឹងការបិទខ្ទប់នៅទូទាំងប្រទេសលើកដំបូង កាលពីឆ្នាំ ២០២០។
ជាមួយគ្នានេះដែរ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ២០,.១% សម្រាប់ត្រីមាសខែមេសា ដល់មិថុនា បើប្រៀបធៀបទៅនឹងឆ្នាំមុន។ គួររំលឹកឲ្យដឹងថា ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សេដ្ឋកិច្ចឥណ្ឌាបានធ្លាក់ចុះរហូតដល់ទៅ ២៤% ឯណោះ។
លោក KV Subramanian ទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលឥណ្ឌា បានចង្អុលបង្ហាញពីការវិនិយោគឯកជន និងការចំណាយរបស់អ្នកប្រើប្រាស់ ដែលបានជួយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេស។
លើសពីនេះទៅទៀត បើយោងតាមក្រសួងស្ថិតិរបស់ឥណ្ឌា បានឲ្យដឹងថា ការផលិត និងសំណង់ ក៏បានជំរុញកំណើនផងដែរ។
សេដ្ឋកិច្ចរបស់ឥណ្ឌាបានធ្លាក់ចុះ ៧,៣% ក្នុងឆ្នាំហិរញ្ញវត្ថុចុងក្រោយរបស់ខ្លួន។ វាស្ថិតក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗនៅលើពិភពលោក ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩៕