យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសស្រីលង្កា បានប្រកាសភាពអាសន្នផ្នែកសេដ្ឋកិច្ច បន្ទាប់ពីការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណរបស់ខ្លួន និង បណ្តាលឲ្យមានការកើនឡើងនៃតម្លៃម្ហូបអាហារ។
អាជ្ញាធរនៃប្រទេសស្រីលង្កានិយាយថា ពួកគេនឹងគ្រប់គ្រងការផ្គត់ផ្គង់ស្បៀងអាហារមូលដ្ឋាន រួមទាំង អង្ករ និងស្ករ ហើយកំណត់តម្លៃ ក្នុងការប៉ុនប៉ងដើម្បីគ្រប់គ្រងអតិផរណាកើនឡើង។
គួរឲ្យដឹងថា ប្រាក់រូពីនៅប្រទេសស្រីលង្កា បានធ្លាក់ចុះ ៧,៥% ធៀបនឹងប្រាក់ដុល្លារនៅឆ្នាំនេះ។ ទោះបីជាយ៉ាងណាក៏ដោយ វិធានការគ្រប់គ្រងគ្រាអាសន្នដែលមានលក្ខណៈទូលំទូលាយ បានចូលជាធរមាននៅថ្ងៃអង្គារនេះ។
មិនតែប៉ុណ្ណោះ អតីតឧត្តមសេនីយ៍ម្នាក់ ត្រូវបានរដ្ឋាភិបាលតែងតាំងជាស្នងការនៃសេវាកម្មសំខាន់ៗ ដោយមានអំណាចដើម្បីរឹបអូសយកស្តុកស្បៀងអាហារដែលកាន់កាប់ដោយឈ្មួញ និងអ្នកលក់រាយ។
ប្រធានាធិបតីនៃប្រទេសស្រីលង្កា គឺលោក Gotabaya Rajapaksa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មន្រ្តីដែលមានការអនុញ្ញាត នឹងអាចចាត់វិធានការដើម្បីផ្តល់នូវអាហារសំខាន់ៗ តាមអត្រាសម្បទានដល់សាធារណជន តាមរយៈការទិញស្តុកម្ហូបអាហារចាំបាច់”។
សេចក្តីថ្លែងការណ៍បន្ថែមថា “ទំនិញទាំងនេះនឹងត្រូវផ្តល់ជូនក្នុងតម្លៃធានារបស់រដ្ឋាភិបាល ឬផ្អែកលើតម្លៃគយលើទំនិញនាំចូលដើម្បីការពារភាពមិនប្រក្រតីនៃទីផ្សារ”៕