យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រហែល ២៨ ភាគរយនៃការនាំចេញមាសរបស់ប្រេស៊ីល ក្នុងឆ្នាំ ២០១៩ និង ២០២០ ទំនងជាមកពីអណ្តូងរ៉ែខុសច្បាប់។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋអាជ្ញាសាធារណៈ និងសាកលវិទ្យាល័យសហព័ន្ធ Federal University of Minas Gerais បានរកឃើញ ដោយចង្អុលបង្ហាញពីការក្លែងបន្លំឯកសារ និងកង្វះការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។
របាយការណ៍ពីព្រះរាជអាជ្ញាសហព័ន្ធ និងសាកលវិទ្យាល័យសហព័ន្ធខាងលើ បានរកឃើញពីភាពខុសច្បាប់ទាក់ទងនឹងមាសចំនួន ៤៨,៩ តោនក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
អ្នករុករករ៉ែ Wildcat នៅប្រទេសប្រេស៊ីល តែងតែទាញយកមាសពីតំបន់ដែលមិនអនុញ្ញាតឲ្យមានការជីករ៉ែ ដូចជា តំបន់អភិរក្សធម្មជាតិ ឬដីជនជាតិដើម។
ការធ្វើអាជីវកម្មរ៉ែនេះធ្វើឡើងដោយមិនគិតពីបទបញ្ជាបរិស្ថាន ជំរុញឲ្យមានការកាប់បំផ្លាញព្រៃឈើនៅក្នុងព្រៃអាម៉ាហ្សូននិងបំពុលទន្លេដោយបារត។
គួរឲ្យដឹងថា របាយការណ៍នេះបានគិតតែពីមាសដែលបានចុះបញ្ជីជាមួយរដ្ឋាភិបាលសហព័ន្ធ ដើម្បីបង់ពន្ធលើលោហៈមានតម្លៃ និងយោងតាមទិន្នន័យដែលមានរូបភាពផ្កាយរណបនៅលើទីតាំងដែលបានរាយការណ៍នៃអណ្តូងរ៉ែប៉ុណ្ណោះ៕