ប្រទេសចិនបានហាមឃាត់ក្មេងអាយុក្រោម ១៨ ឆ្នាំ មិនឲ្យលេងវីដេអូហ្គេមលើសពី ៣ម៉ោងឡើយក្នុងមួយសប្តាហ៍ ដែលជាអន្តរាគមន៍សង្គមតឹងរ៉ឹងមួយ ដែលប្រទេសនេះថាត្រូវការ ដើម្បីកាត់បន្ថយការញៀននឹងវីដេអូហ្គេមសម្រាប់ក្មេងៗ ដែលកំពុងកើនឡើងខ្លាំង។
ច្បាប់ថ្មីដែលត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃច័ន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ នេះ គឺជាផ្នែកមួយនៃការផ្លាស់ប្តូរដ៏ធំមួយដោយទីក្រុងប៉េកាំង ដើម្បីពង្រឹងការគ្រប់គ្រងលើសង្គម និងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចរបស់ខ្លួន រួមទាំង បច្ចេកវិទ្យា ការអប់រំ និងអចលនទ្រព្យ បន្ទាប់ពីការរីកចម្រើនអស់រយៈពេលជាច្រើនឆ្នាំ។
ការរឹតត្បិតដែលអនុវត្តចំពោះឧបករណ៍គ្រប់យ៉ាង រួមទាំងទូរសព្ទផងដែរនោះ គឺជាផលប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មហ្គេមទូទាំងពិភពលោក នៃកីឡាករអេឡិចត្រូនិចវ័យក្មេងរាប់សិបលាននាក់នៅក្នុងទីផ្សារ ដែលជាផ្នែកមួយអាចរកកម្រៃបានច្រើនបំផុតមួយរបស់ពិភពលោក។
យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួ បានឲ្យដឹងថា ចិន បានកំណត់អ្នកលេងមានអាយុក្រោម ១៨ ឆ្នាំ ឲ្យលេងតែមួយម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ គឺនៅវេលាម៉ោង ៨ ដល់ ៩យប់ ហើយអាចលេងបានតែថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ប៉ុណ្ណោះ។ ជាមួយគ្នានេះ ពួកគេក៏អាចលេងបានមួយម៉ោងក្នុងពេលដូចគ្នាខាងលើ នៅថ្ងៃឈប់សម្រាកសាធារណៈផងដែរ៕