ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines គ្រោងនឹងដំណើរការជើងហោះហើរធម្មតារវាងវៀតណាម និងអាមេរិកចាប់ពីខែតុលា ដោយព្យាយាមបំពេញក្តីស្រមៃជិតពីរទសវត្សរ៍មកនេះ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Vietnam Airlines លោក Le Hong Ha បានប្រាប់គេហទំព័រ Bloomberg ថា ក្រុមហ៊ុននឹងប្រើយន្តហោះ Boeing 787 ឬ Airbus SE A350 សម្រាប់ការបើកសម្ពោធផ្លូវហោះហើរអាមេរិក ពីទីក្រុងហូជីមិញ ទៅសាន់ហ្វ្រាន់ស៊ីស្កូ ដោយឈប់តែម្តងប៉ុណ្ណោះសម្រាប់ការចាក់បំពេញសាំង។
គួរឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០២០ មក ក្រុមហ៊ុនអាកាសចរណ៍នេះបានដំណើរការជើងហោះហើរ ដើម្បីធ្វើមាតុភូមិនិវត្តន៍ជនជាតិវៀតណាមពីអាមេរិក ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩។ លោក Ha បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួននឹងពឹងផ្អែកលើការដឹកជញ្ជូនទំនិញ ដើម្បីទូទាត់ជាមួយអ្នកដំណើរតិចដំបូង។
សូមបញ្ជាក់ថា Vietnam Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍ដែលរងផលប៉ះពាល់ដោយកូវីដ១៩ ដ៏អាក្រក់បំផុត នៅក្នុងប្រទេសវៀតណាម។ វាបានខាតបង់ប្រហែល ៧ ទ្រីលានដុង ឬ ៣០៦,៦៥ លានដុល្លារ នៅឆមាសទី ១ ឆ្នាំ ២០២១ នេះ៕