យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Coin98 បានក្លាយជារូបិយប័ណ្ណឌីជីថលវៀតណាមទីពីរ ដែលសម្រេចបាននូវទីផ្សារមូលធន ជាង ៦០០ លានដុល្លារ។
ក្នុងរយៈពេលជាងមួយខែបន្ទាប់ពីការចុះបញ្ជីរួចមក Coin98 បានឈានដល់តម្លៃ ៣,៤៧ ដុល្លារ កាលពីថ្ងៃច័ន្ទ ដែលធ្វើឲ្យតម្លៃទីផ្សារមូលធនរបស់វាស្មើនឹង ចំនួន ៦១៣ លានដុល្លារ។
គួរឲ្យដឹងថា តម្លៃរបស់វាបានកើនឡើង ៤ដង ចាប់តាំងពីថ្ងៃទី ២៣ ខែកក្កដា នៅពេលដែលវាត្រូវបានចុះបញ្ជីនៅលើទំព័រផ្លាស់ប្តូររូបិយប័ណ្ណឌីជីថលធំបំផុតរបស់ពិភពលោក Binance។
ក្រុមហ៊ុនដែលនៅពីក្រោយរូបិយប័ណ្ណឌីជីថលខាងលើ គឺ Coin98 Finance ត្រូវបានបង្កើតឡើងដោយលោក Le Thanh និង Nguyen The Vinh។ នៅឆ្នាំនេះវារៃបានប្រាក់យ៉ាងតិច ៥,២៥ លានដុល្លារ ពីវិនិយោគិនអាមេរិក Alameda Research និងក្រុមហ៊ុនដទៃផ្សេងទៀត។
សូមបញ្ជាក់ថា រូបិយប័ណ្ណឌីជីថលវៀតណាម ដំបូងគេដែលមានតម្លៃទីផ្សារលើសពី ៦០០ លានដុល្លារ គឺ AXS ដែលបង្កើតឡើងដោយ ក្រុមហ៊ុន Axie Infinity ។ ឥឡូវនេះវាមានតម្លៃរហូតដល់ទៅ ២,៥ ពាន់លានដុល្លារឯណោះ។
រូបិយប័ណ្ណអេឡិចត្រូនិកផ្សេងទៀតដែលវៀតណាមបានបង្កើតឡើង រួមមាន KNC ដែលមានមូលធនទីផ្សារចំនួន ៣៦៧ លានដុល្លារ, TOMO ២៩៣ លានដុល្លារ និង KAI ១៥៥ លានដុល្លារ៕