ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានធ្វើឲ្យអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei Technologies Co. ធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែវាក៏បានធ្វើឲ្យក្រុមហ៊ុនចិនផ្សេងទៀតកំពុងទទួលបានអត្ថប្រយោជន៍ដែរ។
ក្រុមហ៊ុន Xiaomi Corp. បានបំពេញនូវគម្លាតដែលនៅសល់ដោយក្រុមហ៊ុន Huawei នៅក្នុងទីផ្សារពីអឺរ៉ុប ដល់អាស៊ីអាគ្នេយ៍ និងប្រទេសចិន។
យោងតាមអ្នកស្រាវជ្រាវទីផ្សារ Counterpoint Research បានឲ្យដឹងថា គ្មានក្រុមហ៊ុនណាមួយនៅទូទាំងពិភពលោក លក់ទូរសព្ទបានច្រើនជាង Xiaomi នោះទេនៅក្នុងខែមិថុនា ស្របពេលដែលក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងប៉េកាំងនេះ បានកើនឡើងលើសក្រុមហ៊ុន Samsung Electronics Co.។
សម្រាប់ត្រីមាសទី ២ ឆ្នាំ២០២១ នេះ ក្រុមហ៊ុន Xiaomi បានលោតផ្លោះរំលងក្រុមហ៊ុន Apple Inc ក្លាយជាក្រុមហ៊ុនស្មាតហ្វូនលេខ ២ របស់ពិភពលោកជាលើកដំបូង។
ដោយឡែកនៅទីផ្សារទ្វីបអឺរ៉ុប Xiaomi បានដណ្តើមយកតំណែងកំពូល ដោយចំណែកទីផ្សាររបស់វាស្ទើរតែទ្វេដង ដល់ ២៤% ពីមួយឆ្នាំមុន។ ក្រុមហ៊ុននេះគឺជាអ្នកលក់ដាច់ជាងគេនៅដាណឺម៉ាក បែលហ្ស៊ិក អ៊ុយក្រែន និងរុស្ស៊ី ផងដែរ៕