យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនវេទិកាស្នាក់នៅតាមអ៊ីនធឺណេត Airbnb បាននិយាយថា ខ្លួននឹងផ្តល់កន្លែងស្នាក់នៅដល់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ចំនួន ២០ ០០០ នាក់ ដោយមិនគិតថ្លៃ ដើម្បីជួយពួកគេឲ្យមានកន្លែងសាក់នៅ នៅទូទាំងពិភពលោក។
ថៅកែក្រុមហ៊ុន Airbnb បាននិយាយថា ការធ្វើនេះគឺជាការឆ្លើយតបទៅនឹង “វិបត្តិមនុស្សធម៌ដ៏ធំបំផុតមួយនៅសម័យទំនើបយើងនេះ” ហើយសង្កត់ធ្ងន់ថា ក្រុមហ៊ុនមានអារម្មណ៍ថា មានទំនួលខុសត្រូវក្នុងការចេញមុខ។
នាយកប្រតិបត្តិលោក Brian Chesky បានបន្ថែមថា៖ “ខ្ញុំសង្ឃឹមថាវាជាការបំផុសគំនិតដល់អ្នកដឹកនាំជំនួញផ្សេងទៀត ឲ្យធ្វើដូច្នេះដែរ។ យើងមិនអាចខ្ជះខ្ជាយពេលវេលាទៀតបានឡើយ”។
លោក Brian បានបន្តថា “ខណៈដែលពេលជនភៀសខ្លួនអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់កំពុងផ្លាស់ប្តូរទីលំនៅជុំវិញពិភពលោក ដូច្នេះកន្លែងដែលពួកគេស្នាក់នៅនឹងក្លាយជាជំពូកដំបូងក្នុងជីវិតថ្មីរបស់ពួកគេ។ ចំពោះជនភៀសខ្លួនចំនួន ២០ ០០០នាក់នោះ ក្តីសង្ឃឹមរបស់ខ្ញុំគឺ Airbnb នឹងមិនត្រឹមតែផ្តល់កន្លែងស្នាក់នៅដល់ពួកគេប៉ុណ្ណោះទេ ថែមទាំងជាកន្លែងចាប់ផ្តើមឡើងវិញ និងជាផ្ទះដ៏កក់ក្តៅផងដែរ”៕