ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបាននិយាយនៅថ្ងៃពុធទី ១៨ ខែសីហា ថា អ្នក Liveលក់ផលិតផលរបស់ខ្លួននៅលើបណ្តាញអនឡាញ គួរតែនិយាយភាសាចិន និងស្លៀកពាក់ឲ្យបានសមរម្យ។
ការ Live លក់ផលិតផលតាមអនឡាញ ឬហៅថា “Livestreaming marketing” ត្រូវបានគេមើលឃើញថាកំពុងតែពេញនិយមខ្លាំងបំផុតក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ សូម្បីតែម៉ាសល្បីៗ ដូចជា L’Oreal, Nike, Dyson និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកចិនភាគច្រើន ឥឡូវនេះសុទ្ធតែផ្តល់ជូនជម្រើសក្នុងការទិញ និងលក់ផលិតផលតាមរយៈការផ្សាយផ្ទាល់បែបនេះ។
ទោះបីជាយ៉ាងណាក៏ដោយ វាបានក្លាយជាគោលដៅនៃការត្រួតពិនិត្យកាលពីឆ្នាំមុន ដោយអ្នកទិញីអីវ៉ាន់ និងម៉ាកមួយចំនួន បានចោទប្រកាន់អ្នកផ្សាយផ្ទាល់មួយចំនួនថាបានបង្ហាញផលិតផលខុស ឬក្លែងបន្លំចំនួនលក់ ដែលជំរុញឲ្យនិយតករអ៊ិនធឺណេតរបស់ចិន ប្រកាសសេចក្តីព្រាងច្បាប់កាលពីខែវិច្ឆិកាឆ្នាំមុន។
ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃពុធនេះបានបោះពុម្ពផ្សាយនូវសេចក្តីណែនាំលម្អិតបន្ថែម ហើយបានលើកឡើងជាលើកដំបូង អំពីភាសាដែលតម្រូវឲ្យប្រើប្រាស់ គឺ ភាសាចិនកុកងឺ។ គួរឲ្យដឹងថា ភាសាចិនកុកងឺ គឺជាភាសាផ្លូវការនៅក្នុងប្រទេសចិន ប៉ុន្តែក៏មានគ្រាមភាសា និងភាសាជនជាតិភាគតិចជាច្រើននៅក្នុងប្រទេសផងដែរ៕