ប្រទេសវៀតណាមបានក្លាយជាទីផ្សារមីកញ្ចប់ធំបំផុតទី ៣ របស់ពិភពលោក ដែលមានអ្នកប្រើប្រាស់ជាង ៧,០៣ ពាន់លានដង កាលពីឆ្នាំមុន។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វាគឺជាការកើនឡើង ២៩ ភាគរយពីឆ្នាំ ២០១៩ និងជាកំណត់ត្រាថ្មីសម្រាប់ប្រទេសនេះ បើយោងតាមទិន្នន័យពីសមាគមមីកញ្ចប់ពិភពលោក World Instant Noodles Association ឬហៅថា WINA។
តួលេខចុងក្រោយនេះមានន័យថា វៀតណាមមានអត្រាប្រហែល ៦ ភាគរយនៃការប្រើមីកញ្ចប់សរុបនៅលើពិភពលោក។ ជនជាតិវៀតណាមម្នាក់ៗ ទទួលទានមីកញ្ចប់ជាមធ្យម ៥៥,៦ ដងកាលពីឆ្នាំមុន។
គួរឲ្យដឹងថា ប្រទេសវៀតណាម បានឈរនៅពីក្រោយប្រទេសចិន និងឥណ្ឌូនេស៊ី ដែលបានទទួលទានមីកញ្ចប់ចំនួន ៤៦,៣៥ ពាន់លានដង និង ១២,៦៤ ពាន់លានដង។ ឥណ្ឌា និងជប៉ុន ក៏បានជាប់ក្នុងចំណាត់ថ្នាក់លេខ ៤ និង លេខ ៥ ផងដែរ។
ការកើនឡើងនៃការប្រើប្រាស់មីកញ្ចប់នៅវៀតណាម បានកើតឡើងខណៈដែលប្រទេសនេះប្រឈមនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ កាលពីឆ្នាំមុន ដោយបង្ខំឲ្យប្រជាជនស្នាក់នៅផ្ទះ ក្រោមការបញ្ជាឱ្យឃ្លាតឆ្ងាយពីសង្គម៕