អាជ្ញាធរទេសចរណ៍ថៃ (Tourism Authority of Thailand ឬហៅកាត់ថា TAT) សង្ឃឹមថាការធ្វើចក្តាឡីស័ករយៈពេលខ្លីជាងមុន នៅទូទាំងប្រទេសក្នុងត្រីមាសទី ៤ អាចជួយបង្កើនតម្រូវការធ្វើដំណើរនៅពេលដែលជំងឺរាតត្បាតត្រូវបានគ្រប់គ្រង។
លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ បាននិយាយថា ការផ្ទុះឡើងនាពេលបច្ចុប្បន្នគឺធ្ងន់ធ្ងរនិងមានរយៈពេលយូរជាងការរំពឹងទុក។ វាបាននាំឱ្យមានវិធានការតឹងរ៉ឹងដើម្បីកាត់បន្ថយចំនួននៃការឆ្លងថ្មី។
គួរឲ្យដឹងដែរថា ប្រទេសនេះបានព្យាយាមបើកដំណើរការវិស័យទេសចរណ៍ឡើងវិញ ក្រោមគ្រោងការណ៍មួយដែលគេហៅថា “Phuket sandbox scheme”។ ក្នុងនោះមានតែអ្នកទេសចរ ៥៥ នាក់ ឬ ០,២៨% នៃអ្នកដំណើរសរុបចំនួន ១៩,៦១៩ នាក់ប៉ុណ្ណោះ បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ចន្លោះថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ១២ ខែសីហា។
លោក Yuthasak បានឲ្យដឹងថា គោលដៅបន្ថែមទៀតត្រូវបានគេរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរ ពីខែតុលា ដល់ត្រីមាសទី១ នៃឆ្នាំក្រោយ ប៉ុន្តែវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតក្នុងការទាក់ទាញភ្ញៀវទេសចរ គឺកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក។
លោក Yuthasak បាននិយាយថា “បន្ទាប់ពីការផ្ទុះឡើងនៃជំងឺនេះថយចុះ យើងនឹងស្នើផែនការបន្ធូរបន្ថយការធ្វើចក្តាឡីស័ក មិនត្រឹមតែនៅក្នុងតំបន់ភូកេតប៉ុណ្ណោះទេ ប៉ុន្តែគឺនៅទូទាំងប្រទេស ដើម្បីបង្កើតការធ្វើដំណើរបន្ថែមទៀត ខណៈប្រទេសជាច្រើនបានចាប់ផ្តើមកាត់បន្ថយរយៈពេលធ្វើចក្តាឡីស័ក មកដល់ត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ”៕