Ant Group បានទទួលការយល់ព្រមពីផ្សារហ៊ុនហុងកុង សម្រាប់ការផ្តល់ជូនជាសាធារណៈដំបូង (IPO) របស់ខ្លួន។
ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុយក្ស ដែលមានមូលដ្ឋាននៅ Hangzhou នេះ បានដាក់ពាក្យជាផ្លូវការ កាលពីខែសីហា ដើម្បីលក់ភាគហ៊ុនរបស់ខ្លួនក្នុងពេលដំណាលគ្នា នៅហុងកុង និងសៀងហៃ។
ក្រុមហ៊ុន Ant Group ដែលគ្រប់គ្រងដោយមហាសេដ្ឋី Jack Ma នៅតែត្រូវបំពេញការចុះឈ្មោះជាមួយនិយតករមូលបត្រចិន មុនពេលវាអាចចុះបញ្ជីនៅផ្សារ Star Market របស់សៀងហៃ។ ក្រុមហ៊ុននេះត្រូវបានគេនិយាយថា មានគោលបំណងកើបប្រាក់ចំនួន ៣៥ ពាន់លានដុល្លារ ជាមួយនឹងការផ្តល់ជូន (IPO) ទាំងពីរខាងលើ។
លោក Alex Sirakov សហសេវិកជាន់ខ្ពស់ នៃក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សា Kapronasia នៅទីក្រុងសៀងហៃ បាននិយាយថា “នៅពេលនេះមិនមានក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុធំជាងនេះទេ។ ជារួម វាពិតជាផ្ញើសារថា នេះគឺជាគំរូអាជីវកម្មនាពេលអនាគត”។
គួរឲ្យដឹងថា ក្រុមហ៊ុន Ant Group គឺជាសមាជិកនៃក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនចិនមានតម្លៃចំនួន ៨២៦ ពាន់លានដុល្លារ ដែលបង្កើតដោយ Jack Ma ។ មិនតែប៉ុណ្ណោះ Platform សម្រាប់បង់ប្រាក់ គឺ Alipay របស់ Alibaba Group មានអ្នកប្រើប្រាស់ជាងមួយពាន់លាននាក់ រួមទាំងពាណិជ្ជករ ៨០ លាននាក់ ទៀតផង៕