ចាប់តាំងពីការឌីហ្សាញ ដល់ការផលិតមានចំនួនកំណត់ ហើយចាប់ពីម៉ាស៊ីន និងដំណើរការ ដល់តម្លៃខ្លួនរបស់វា គ្មានអ្វីដែលធម្មតាឡើយសម្រាប់រថយន្ត Bugatti Chiron។
រថយន្តស្ព័រកំពូលល្បឿននេះបានបង្ហាញខ្លួនកាលពី ៤ឆ្នាំមុន ហើយបានពង្រីកត្រកូលរបស់ខ្លួនជាច្រើន ក្នុងនោះក៏មាន រថយន្ត Chiron Sport ដែលមានតម្លៃ ៣,២លានដុល្លារ នៅសហរដ្ឋអាមេរិក។
ជាធម្មតារថយន្ត Bugatti តែងតែមានតម្លៃថ្លៃ ដូច្នេះប្រសិនបើនរណាម្នាក់ចង់ក្លាយជាម្ចាស់របស់វា លុះត្រាតែមិនលុយច្រើន មិនថាទិញដាច់ ឬបង់រំលស់ឡើយ។ ជាក់ស្តែង អ្នកអាចទិញរថយន្ត Bugatti Chiron Sport ដោយបង់រំលស់បាន ដោយគ្រាន់តែបង់មុន ៣៥៨ ០០០ដុល្លារ ហើយបន្ទាប់មកបង់ ៥២ ១៩៦ដុល្លារក្នុងមួយខែ រយៈពេល ៣ឆ្នាំ ឬ បង់ ៦៥ ៩៥០ដុល្លារក្នុងមួយខែ រយៈពេល ២៤ខែ ជាការស្រេច។
គួរឲ្យដឹងថា តម្លៃដែលបង់ក្នុងមួយខែនោះ ប្រសិនបើអ្នកយកទិញរថយន្ត Porsche Boxster វិញ គឺអាចបាន១គ្រឿងជារៀងរាល់ខែ។
Bugatti Chiron Sport មានបំពាក់ម៉ាស៊ីន quad-turbocharged ចំណុះ ៨,០លីត្រ ទំហំ ១៦ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ១ ៤៧៩សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ២,៤វិនាទី ហើយមានល្បឿនអតិបរមាដល់ ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង៕