ក្រុមហ៊ុន Lexus ប្រចាំនៅអឺរ៉ុប បានរាយការណ៍ថា ខ្លួនលក់ដាច់រថយន្តសរុបចំនួន ១លានគ្រឿងហើយនៅអឺរ៉ុប បន្ទាប់ពីបង្ហាញខ្លួនជាផ្លូវការ ក្នុងឆ្នាំ១៩៩០ មក។
កំណត់ត្រាមួយនេះគឺធ្វើបានសម្រេចកាលពីខែមុន រយៈពេល ៣០ឆ្នាំបន្ទាប់ពី Lexus ចេញលក់រថយន្ត LS 400 ដំបូងបង្អស់នៅអឺរ៉ុប។
ក្នុងនោះ រថយន្ត RX ដែលលក់ដាច់ខ្លាំងបំផុតប្រចាំត្រកូល Lexus គឺលក់បានចំនួន ២៨៩ ២៨៤គ្រឿង តាមពីក្រោយដោយ IS ចំនួន ២០២ ២១០គ្រឿង និង NX ចំនួន ១៥៥ ៣៦៦គ្រឿង។
បន្ថែមពីនេះគឺ Lexus CT សរុប ៩៧ ៦៣៧គ្រឿង, GS ចំនួន ៧៤ ៩៩៨គ្រឿង, LX ចំនួន ៥៨ ២៣៤គ្រឿង និង LS ចំនួន ៣៩ ០៥៩គ្រឿង។ រឹតតែពិសេស រថយន្ត Lexus LFA ដែលផលិតក្នុងចន្លោះឆ្នាំ២០១០ និង ២០១២ ក៏លក់ដាច់បានចំនួន ៣៨គ្រឿងដែរ។
គួរឲ្យដឹងថា ក្នុងចំណោមរថយន្ត Lexus ចំនួន១លានគ្រឿងដែលលក់ដាច់នៅអឺរ៉ុប ក្នុងរយៈពេល ៣០ឆ្នាំមកនេះ គឺមានប្រភេទ Hybrid ៤៥% ទៅហើយ៕