Lexus បានបង្ហាញព័ត៌មានអំពីការអាប់ដេតរថយន្ត RZ មួយរយៈមុន ហើយឥឡូវនេះមានព័ត៌មានជាក់លាក់សម្រាប់ទីផ្សារ សហរដ្ឋអាមេរិក។ Lexus RZ ឆ្នាំ 2026 ដែលនឹងលក់នៅអាមេរិក នឹងមានថាមពលកើនឡើងសម្រាប់ម៉ូឌែលមូលដ្ឋាន មានម៉ូឌែលថ្មី RZ550e F Sport ដែលមានថាមពល 402 សេះ និងចម្ងាយបើកបរបានបន្ថែមទៀតដោយសារការកែលម្អថ្ម។ រថយន្តនេះក៏ត្រូវបានបំពាក់នូវរន្ធសាកប្រភេទ NACS (North American Charging Standard) ដែលមានន័យថា អាចប្រើប្រាស់ជាមួយ Tesla Superchargers ដើម្បីសាកថ្មបានកាន់តែលឿនជាងមុន។
ចំពោះម៉ូឌែលមូលដ្ឋានវាប្រើប្រព័ន្ធបង្វិលកង់ខាងមុខ (FWD) ហើយឥឡូវនេះវាមានឈ្មោះថា RZ350e ដោយមានថាមពល 221 សេះ ដែលកើនឡើង 20 សេះបើប្រៀបនឹង RZ300e ហើយអាចបើកបាន 482.8 គីឡូម៉ែត្រ ជាអប្បបរមា (EPA) ដែលកើនបានចម្ងាយឆ្ងាយជាងម៉ូដែលចាស់ដោយម៉ូដែលចាស់មានចម្ងាយ 428.1 គីឡូម៉ែត្រ។ ម៉ូដែល RZ450e ដែលប្រើប្រព័ន្ធប៉ុងពីរ (AWD) មានថាមពលដូចដើមគឺ 308 សេះ ប៉ុន្តែចម្ងាយបើកបរក៏កើនដល់ 418 គីឡូម៉ែត្រ បើប្រៀបនឹងម៉ូដែលមុនគឺ 354 គីឡូម៉ែត្រ។ RZ ឆ្នាំ 2026 ទាំងអស់នឹងមាន រន្ធសាក NACS ហើយ Lexus ថា វាអាចសាកចាប់ពី 10% ដល់ 80% ក្នុងរយៈពេល 30 នាទី។
ផ្នែកខាងក្នុងរបស់ Lexus RZ ឆ្នាំ 2026 ត្រូវបានរចនាឡើងដោយផ្តោតលើភាពប្រណីត បច្ចេកវិទ្យាចុងក្រោយ និងការសម្របសម្រួលជាមួយបរិស្ថាន។ ម៉ូដែលថ្មីនេះបង្ហាញពីការរចនាផ្នែកខាងក្នុងដែលមានគុណភាពខ្ពស់ និងបច្ចេកវិទ្យាក្នុងការរចនាផ្នែកខាងក្នុងវាប្រើសម្ភារៈ Ultrasuede ដែលមានសមាសធាតុចម្រាញ់ពីរុក្ខជាតិ 30% សម្រាប់បន្ទះទ្វារ និងកៅអី។ កៅអីបែបកីឡា (sport seats) ត្រូវបានបង្កើតដោយវិធីសាស្ត្ររួមបញ្ចូល (integrated foaming) ដើម្បីផ្តល់ភាពស្រួលនិងគាំទ្រល្អក្នុងការបើកបរ, ប្រព័ន្ធ infotainment មានអេក្រង់ Touch Screen ធំដែលគាំទ្រដោយ Apple CarPlay និង Android Auto មានការតភ្ជាប់ស្មាតហ្វូន និងការបញ្ជារដោយសំឡេងធ្វើឱ្យការប្រើប្រាស់មានភាពងាយស្រួល,ប្រព័ន្ធពន្លឺភ្លើង ambient lighting អាចប្ដូរពណ៌បាន និងមានអត្ថន័យបង្កើតអារម្មណ៍ល្អនៅផ្នែកខាងក្នុងរថយន្ត។ ប្រព័ន្ធសុវត្ថិភាពរួមមានប្រព័ន្ធជំជួយការបើកបរ ដូចជា Lane Departure Alert, Adaptive Cruise Control, Blind Spot Monitor និង Pre-Collision System ដែលជួយបង្កើនសុវត្ថិភាពក្នុងការបើកបរ។
ម៉ូឌែលកំពូលថ្មីគឺ RZ550e F Sport ដែលប្រើម៉ូទ័រពីរ (dual-motor) បង្កើតថាមពលបាន 402 សេះ Lexus បានបង្ហាញថា វាអាចបើកពី 0 ដល់ 100 Km/h ប្រើពេល 4.1 វិនាទី ហើយម៉ូឌែលនេះមានថ្មធំគឺ 77 kWh ប៉ុន្តែមានចម្ងាយបើកបរតិចជាងគេ គឺប្រហែល 362 គីឡូម៉ែត្រ។ វាក៏មានការរចនាថ្មី និងមានរបៀបបើកបរ M Mode “Manual-Shift”ដែលបង្កើតអារម្មណ៍កាន់តែអស្ចារ្យដូចរថយន្តមានម៉ាស៊ីនចំហេះក្នុងដែលប្រើលេខដៃផងដែរ។
Lexus មិនទាន់ប្រកាសតម្លៃផ្លូវការទេ ប៉ុន្តែពួកគេថា RZ ឆ្នាំ 2026 នឹងដំណើរការលក់នៅអាមេរិក ចុងឆ្នាំនេះ។ តម្លៃប្រហែលនឹងចាប់ផ្តើមពី $45,000 ហើយអាចឆ្លងកាត់ $60,000 សម្រាប់ម៉ូឌែល RZ550e F Sport។