ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung Electronics បានរាយការណ៍ថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើងជាង ៧០ ភាគរយ នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២១ នេះ ដោយសារតែតម្លៃបន្ទះឈីបខ្ពស់ជាងមុនព្រោះតម្រូវការបន្តកើនឡើង។
ក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ពិភពលោកនេះ បានមើលឃើញប្រាក់ចំណេញកើនឡើង ៧៣,៤ ភាគរយ ស្មើនឹង ៩,៦ ទ្រីលានវ៉ុន (៨,៤ ពាន់លានដុល្លារ) សម្រាប់អំឡុងខែមេសា ដល់មិថុនា។
ក្នុងនោះប្រាក់ចំណេញប្រតិបត្តិការបានកើនឡើង ៥៤ ភាគរយ ដល់ ១២,៦ ទ្រីលានវ៉ុន ខណៈប្រាក់ចំណូលបានកើនឡើង ២០ ភាគរយ ដល់ ៦៣,៧ ទ្រីលានវ៉ុន។
ក្រុមហ៊ុនបានសន្មតថា ការកើនឡើងនេះក៏ដោយសារតែទីផ្សារអំណោយផលសម្រាប់បន្ទះឈីបអង្គចងចាំ ហើយមានការកើនឡើងតម្លៃខ្ពស់ជាងការរំពឹងទុក។
គួរឲ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្ខំឲ្យមានការធ្វើការពីផ្ទះ និងតម្រូវការឧបករណ៍អេឡិចត្រូនិចនៅផ្ទះច្រើន ដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបោកខោអាវជាដើម៕