យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Amazon ត្រូវបានពិន័យជាទឹកប្រាក់ចំនួន ៨៨៦,៦ លានដុល្លារ ពីបទរំលោភច្បាប់ការពារទិន្នន័យរបស់សហភាពអឺរ៉ុប។
ការផាកពិន័យនេះត្រូវបានចេញដោយគណៈកម្មការជាតិការពារទិន្នន័យរបស់ប្រទេសលុចសំបួ ដែលអះអាងថា ការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សខាងលើនេះ មិនគោរពតាមច្បាប់របស់សហភាពអឺរ៉ុប។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Amazon បាននិយាយថា ខ្លួនជឿជាក់ថាការផាកពិន័យនេះគឺ “មិនត្រឹមត្រូវឡើយ” ដោយបន្ថែមថា វានឹងការពារខ្លួនយ៉ាងខ្លាំងទៅលើរឿងក្តីនេះ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន Amazon បានប្រាប់ BBC ថា “គ្មានការរំលោភបំពាន ឬបែកធ្លាយទិន្នន័យនោះទេ”។
គួរឲ្យដឹងថា ច្បាប់ការពារទិន្នន័យទូទៅរបស់សហភាពអឺរ៉ុប General Data Protection Regulation (GDPR) តម្រូវឲ្យក្រុមហ៊ុននានា ស្វែងរកការយល់ព្រមពីអ្នកប្រើប្រាស់មុនពេលអាចប្រើទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ ឬត្រូវប្រឈមនឹងការផាកពិន័យធ្ងន់។
សូមបញ្ជាក់ថា អាជ្ញាធរការពារទិន្នន័យរបស់ប្រទេសលុចសំបួ ដែលត្រូវបានគេស្គាល់ថាជា គណៈកម្មការ Commission Nationale pour la Protection des Données (CNPD) បានចេញការផាកពិន័យដល់ក្រុមហ៊ុន Amazon នៅថ្ងៃទី ១៦ ខែកក្កដានេះបើយោងតាមគណៈកម្មការមូលបត្រអាមេរិក US Securities and Exchange Commission (SEC)៕