ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានរាយការណ៍ពីប្រាក់ចំណេញដែលកំពុងកើនឡើងខ្លាំង ខណៈអតិថិជនបានអាប់ដេតនូវឧបករណ៍ប្រើប្រាស់របស់ពួកគេឲ្យកាន់តែប្រសើរ និងស្វែងរកការផ្ទុកទិន្នន័យតាមរយៈ cloud storage ក្នុងអំឡុងពេលបិទខ្ទប់។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រាក់ចំណេញរបស់ក្រុមហ៊ុន Apple បានកើនឡើងជិតទ្វេដង ដល់ ២១,៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៣ ខែ ដល់ថ្ងៃទី ៣០ ខែមិថុនា ដោយសារអតិថិជនបានទិញ iPhone ដែលមានប្រព័ន្ធ 5G ហើយមានតម្លៃថ្លៃជាងមុន។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Microsoft បានមើលឃើញប្រាក់ចំណេញ ១៦,៥ ពាន់លានដុល្លារក្នុងពេលដូចគ្នានោះ ពោលគឺកើនឡើង ៤៧% ដោយសារតម្រូវការសម្រាប់សេវាកម្ម cloud និងហ្គេម។
ក្រឡេកទៅមើលក្រុមហ៊ុនមេរបស់ Google គឺ Alphabet ក៏បានរាយការណ៍ពីការលក់ និងប្រាក់ចំណេញប្រចាំត្រីមាសកើនឡើងដល់កម្រិតខ្ពស់បំផុតផងដែរ។ វាបានកើតឡើង ភាគច្រើនដោយសារការកើនឡើងនៃការចំណាយលើការផ្សាយពាណិជ្ជកម្មតាមអ៊ិនធឺណិតដែលផ្តោតលើ អតិថិជនដែលត្រូវបានជាប់គាំងនៅក្នុងផ្ទះ និងរកមើលការទិញទំនិញតាមតាមអ៊ិនធឺណិត ដោយសារតែការរឹតត្បិត និងការបិទខ្ទប់។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន YouTube ក៏បានឃើញថា ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មបានកើនឡើងដល់ ៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៣ខែ ដែលបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនានេះ បើប្រៀបធៀបជាមួយឆ្នាំមុនគឺត្រឹមតែ ៣,៨១ ពាន់លានដុល្លារប៉ុណ្ណោះ៕