ក្រុមហ៊ុន Tesla បានរាយការណ៍អំពីការកើនឡើងនៃប្រាក់ចំណេញរបស់ខ្លួន ទោះបីជាមានកង្វះបន្ទះឈីបអេឡិចត្រូនិចនិងការកកស្ទះនៅតាមកំពង់ផែ ដែលរារាំងដល់ការផលិតក៏ដោយ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការលក់របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកខាងលើ បានកើនឡើងដល់ ១២ ពាន់លានដុល្លារ ក្នុងរយៈពេល ៣ ខែ ដល់ដំណាច់ខែមិថុនា គឺកើនឡើងពី ៦ ពាន់លានដុល្លារកាលពីមួយឆ្នាំមុននៅពេលដែលរោងចក្ររបស់របស់ត្រូវបានបិទទ្វារ។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើបាននិយាយថា ខ្លួនបានប្រគល់រថយន្តចំនួន ២០០ ០០០ គ្រឿងដល់អតិថិជនក្នុងរយៈពេលដូចគ្នាខាងលើនោះ។ Tesla បានបន្ថែមទៀតថា ការគាំទ្រជាសាធារណៈសម្រាប់រថយន្តអគ្គិសនី គឺមានច្រើនជាងពេលណាៗទាំងអស់។
ក្រុមហ៊ុនដែលដឹកនាំដោយមហាសេដ្ឋី Elon Musk នេះ បានរាយការណ៍កាលពីថ្ងៃច័ន្ទថា ប្រាក់ចំណេញបានកើនឡើងយ៉ាងច្រើនដោយសារតែចំនួនលក់កើនឡើងខ្លាំង។ សូមបញ្ជាក់ថា ប្រាក់ចំណេញសម្រាប់រយៈពេល ៣ ខែ ចាប់ពីខែមីនា ដល់មិថុនា ឆ្នាំ ២០២១ នេះ មានចំនួន ១,១ ពាន់លានដុល្លារ ដោយកើនឡើងពី ១០៤ លានដុល្លារកាលពីឆ្នាំមុន ដោយសារតែការលក់រថយន្ដ Model 3 និង Model Y៕