យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Axie Infinity ដែលជារូបិយប័ណ្ណគ្រីបតូរបស់វៀតណាម ទទួលបានផលចំណេញទីផ្សារចំនួន ២,៥ ពាន់លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំ ចាប់តាំងពីវាត្រូវបានបង្កើតឡើង។
ប្រភពដដែលបានឲ្យដឹងទៀតថា តម្លៃរបស់វាបានកើនឡើង ៨២ ដងក្នុងឆ្នាំនេះ ដល់ ៤១ ដុល្លារក្នុងមួយកាក់។
យោងតាមវេទិកាទិន្នន័យគ្រីបតូ CoinMarketCap បានបង្ហាញថា Axie Infinity គឺជារូបិយប័ណ្ណគ្រីបតូធំបំផុតទី ៤៣ នៅលើពិភពលោក។
គួរឲ្យដឹងថា Axie Infinity (AXS) គឺជារូបិយប័ណ្ណគ្រីបតូហ្គេម ដែលមានមូលដ្ឋានលើ blockchain ដែលអ្នកលេងអាចទិញ “tokens of monsters” ហើយបន្ទាប់មកប្រយុទ្ធជាមួយនឹងអ្នកដទៃទៀត។ AXS គឺជា token ដែលគេត្រូវការចំនួន ៤ ដើម្បីអាចបង្កាត់ពូជ “monster” នៅក្នុងហ្គេមនោះបាន។
ហ្គេមនេះត្រូវបានបំផុសគំនិតដោយ Pokémon របស់ក្រុមហ៊ុន Nintendo ដែលអ្នកលេងប្រមូល និងប្រើបិសាចប្រយុទ្ធជាមួយគ្នា។ យ៉ាងណាមិញ អ្នកលេងប្រហែលជាត្រូវចំណាយលុយចំនួន ៧០០ ដុល្លារ ឬច្រើនជាងនេះ ដើម្បីបង្កើតក្រុមមួយ ហើយអាចលក់ “monster” ទាំងនោះនៅពេលក្រោយ ដើម្បីទទួលបានប្រាក់ចំណេញវិញ៕