ភាគហ៊ុនរបស់ក្រុមហ៊ុន Tencent បានធ្លាក់ចុះ បន្ទាប់ពីប្រទេសចិនបានបញ្ជាឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បញ្ឈប់កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណផ្តាច់មុខលើតន្រ្តី (exclusive music licensing deals) ជាមួយនឹងក្រុមហ៊ុនតន្រ្តីនៅជុំវិញពិភពលោក។
ការផ្លាស់ប្តូរនេះមានគោលបំណងដោះស្រាយសិទ្ធិរបស់ក្រុមហ៊ុន Tencent ក្នុងការចាក់តន្ត្រីតាមអ៊ិនធឺណិតនៅក្នុងប្រទេសចិន។ វាក៏ត្រូវបានពិន័យជាប្រាក់ចំនួន ៥០០ ០០០ យ័ន (៧៧ ១២០ ដុល្លារ) ផងដែរ សម្រាប់ការអនុវត្តមិនត្រឹមត្រូវនៅក្នុងទីផ្សារតន្ត្រីតាមអ៊ិនធឺណិត។
គួរឲ្យដឹងថា ក្រុមហ៊ុន Tencent បានគ្រប់គ្រងសិទ្ធិ streaming តន្ត្រីផ្តាច់មុខរបស់ចិន ជាង ៨០% បន្ទាប់ពីការទិញយកសាជីវកម្មតន្រ្តីចិន China Music Corporation នៅឆ្នាំ ២០១៦ ដោយផ្តល់សិទ្ធិដល់ក្រុមហ៊ុននេះអាចប្រើប្រាស់ជាង ៨០% នៃបទចម្រៀងទាំងអស់នៅក្នុងទីផ្សារចិន និងគុណប្រយោជន៍អយុត្តិធម៌ជាងគូប្រជែងរបស់វា។
យ៉ាងណាមិញ រដ្ឋបាល State Administration of Market Regulation (SAMR) របស់ប្រទេសចិន បាននិយាយថាសកម្មភាពរបស់ក្រុមហ៊ុន Tencent នៅក្នុងទីផ្សារតន្រ្តីតាមអ៊ិនធឺណិតរបស់ចិន បានរំលោភលើច្បាប់ប្រឆាំងផ្តាច់មុខរបស់ប្រទេស៕