ក្រុមហ៊ុនលក់សម្លៀកបំពាក់មួយរបស់ប្រតេសអូស្រ្តាលី ត្រូវបានរងការពិន័យជាប្រាក់ ៣,៥លានដុល្លារ (៥ លានដុល្លារអូស្រ្តាលី) ពីបទអះអាងថាសម្លៀកបំពាក់របស់ខ្លួនអាច «កម្ចាត់» និង «បញ្ឈប់» ការរីករាលដាលនៃជំងឺកូវីដ១៩ បាន។
ក្រុមហ៊ុន Lorna Jane បានផ្សព្វផ្សាយថាសម្លៀកបំពាក់របស់ខ្លួនបានប្រើបច្ចេកវិទ្យាពិសេសថ្មី ដែលមានឈ្មោះថា LJ Shield ដើម្បីការពារការផ្ទេរធាតុបង្កនៃជំងឺទាំងអស់។
ទោះជាយ៉ាងណា នៅក្នុងសេចក្តីសម្រេចមួយ ចៅក្រមបាននិយាយថា ការអះអាងរបស់ក្រុមហ៊ុនគឺ កេងចំណេញ ហួសហេតុ និងមានគ្រោះថ្នាក់។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Lorna Jane បាននិយាយថា ខ្លួនបានទទួលយកសេចក្តីសម្រេចរបស់តុលាការ។
ក្រុមហ៊ុនខាងលើបានអះអាងថា ខ្លួនត្រូវបានបំភាន់ដោយអ្នកផ្គត់ផ្គង់ផ្ទាល់ខ្លួន។ នាយកប្រតិបត្តិក្រុមហ៊ុន Lorna Jane លោក Bill Clarkson បាននិយាយថា “អ្នកផ្គត់ផ្គង់ដែលទុកចិត្តបានរបស់ខ្លួន បានលក់ផលិតផលដែលមិនអនុវត្តតាមការសន្យា”។
លោក Bill បានបញ្ជាក់បន្ថែមថា “ពួកគេបាននាំឲ្យយើងជឿថាបច្ចេកវិទ្យានៅពីក្រោយ LJ Shield ត្រូវបានដាក់លក់នៅកន្លែងផ្សេងទៀត ដូចជានៅក្នុងប្រទេសអូស្រ្តាលី សហរដ្ឋអាមេរិក ចិន និងតៃវ៉ាន់ ហើយវាមានទាំងមុខងារប្រឆាំងនឹងបាក់តេរី និងប្រឆាំងមេរោគ។ យើងជឿជាក់ថា យើងកំពុងផ្តល់ផលប្រយោជន៍ដល់អតិថិជនរបស់យើង”៕