ប្រទេសវៀតណាមបានចេញក្រឹត្យថ្មីមួយដើម្បីរឹតបន្តឹងបទប្បញ្ញត្តិផ្សាយពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនបរទេស ដូចជា Google និង Facebook ជាដើម។
ក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម នឹងទទួលខុសត្រូវដាច់ខាតលើការផ្សព្វផ្សាយពាណិជ្ជកម្ម ជំនួសឲ្យការចែករំលែកទំនួលខុសត្រូវជាមួយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដូចមុន។
វេទិកាដែលដំណើរការការផ្សាយពាណិជ្ជកម្ម ត្រូវតែផ្តល់ព័ត៌មានលម្អិតអំពីអាជីវកម្មរបស់ខ្លួនទៅក្រសួង រយៈពេល ១៥ ថ្ងៃមុនពេលប្រតិបត្តិការ។ ព័ត៌មានលម្អិតនោះរួមមានបញ្ចូលទាំង កន្លែងដែលម៉ាស៊ីនមេរបស់ពួកគេស្ថិតនៅក្នុងប្រទេសវៀតណាម (ប្រសិនបើមាន) និងលេខទំនាក់ទំនង ផងដែរ។
ដោយឡែក សម្រាប់វេទិកាបរទេសត្រូវបានទាមទារឲ្យការពារ និងលុបចោលមាតិកាដែលបំពានច្បាប់ ដែលបានទាមទារដោយក្រសួងទំនាក់ទំនង ឬអាជ្ញាធរមានសមត្ថកិច្ចដទៃទៀត។ វេទិកាទាំងនេះក៏ចាំបាច់ត្រូវផ្តល់ព័ត៌មានអំពីក្រុមហ៊ុនឬបុគ្គល ដែលគ្រប់គ្រងមាតិកាខុសច្បាប់ផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រសួងទំនាក់ទំនង ឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត នឹងរារាំងការផ្សាយពាណិជ្ជកម្មខុសច្បាប់ទាំងនេះ ប្រសិនបើវេទិកាទាំងនោះមិនគោរពតាមតម្រូវការរបស់ពួកគេ៕