យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កសិករវៀតណាមជិត ៨ ០០០ នាក់ បានចាប់ផ្តើមធ្វើពាណិជ្ជកម្មលើវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងរយៈពេល ៦ ខែដំបូង ពោលគឺកើនឡើង ១៩១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារអាជ្ញាធរជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
យោងតាមរបាយការណ៍របស់ក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាម បានឲ្យដឹងថា តម្លៃសរុបនៃផលិតកសិកម្មលើវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ នេះ គឺកើនឡើង ៣ ដង ស្មើនឹង ៤១ លានដុល្លារឯណោះ។
ក្រសួងខាងលើបានបញ្ជាក់ថា នេះជាលទ្ធផលក្រោយការជំរុញរបស់ក្រសួង និងអាជ្ញាធរ ឲ្យកសិករចាប់ដៃគូជាមួយវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដើម្បីជួយចែកចាយផលិតផល។
គួរឲ្យដឹងថា ឆ្នាំនេះ គូលេនបានក្លាយជាផ្លែឈើវៀតណាមដំបូងគេ ដែលត្រូវបាននាំចេញទៅអឺរ៉ុប តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចក្នុងស្រុក។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងគមនាគមន៍ លោក Nguyen Manh Hung មានប្រសាសន៍ថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច គឺជាអនាគតនៃវិស័យប្រៃសណីយ៍ ដោយសារបច្ចេកវិទ្យាបានត្រួសត្រាយផ្លូវ៕