ក្រុមហ៊ុនអាមេរិក WhatsApp បានបង្ហាញនៅក្នុងរបាយការណ៍អនុលោមតាមច្បាប់ដំបូងរបស់ខ្លួន ក្រោមច្បាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីដ៏ចម្រូងចម្រាសរបស់ប្រទេសឥណ្ឌាថា WhatsApp បានហាមឃាត់ (Block) អ្នកប្រើប្រាស់ជាង ២ លាននាក់នៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះពីបទរំលោភច្បាប់របស់ខ្លួន។
អ្នកប្រើប្រាស់ភាគច្រើនត្រូវបានហាមឃាត់ដោយសារបំពានលើការផ្ញើសារ (spam message)។ ក្រុមហ៊ុនដែលគ្រប់គ្រងដោយ Facebook នេះ ក៏បានដាក់កម្រិតលើការ forward messaging យ៉ាងច្រើន ក្នុងគោលបំណងដើម្បីប្រឆាំងនឹងព័ត៌មានមិនពិត។
គួរឲ្យដឹងថា ប្រទេសឥណ្ឌាបានអនុវត្តច្បាប់ថ្មីកាលពីខែឧសភា ដើម្បីគ្រប់គ្រងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបង្ខំឲ្យពួកគេបង្ហាញនូវរបាយការណ៍របស់ពួកគេរាល់ខែ ដើម្បីការពារវេទិការបស់ពួកគេ។
ក្រុមហ៊ុន WhatsApp បានឲ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា “យើងរក្សាបាននូវសមត្ថភាពជឿនលឿន ដើម្បីកំណត់អត្តសញ្ញាណគណនីទាំងនេះ ដែលផ្ញើសារច្រើនខ្លាំង ឬមិនប្រក្រតី និងបានហាមឃាត់គណនីចំនួន ២ លាននៅក្នុងប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៥ ខែមិថុនា ដែលបានប៉ុនប៉ងការរំលោភបំពានលើការផ្ញើសារ”។
យ៉ាងណាមិញ ក្រុមហ៊ុនខាងលើបានបញ្ជាក់បន្ថែមថា ការផ្តោតសំខាន់របស់ខ្លួន នៅតែមានលើការការពារ ការរីករាលដាលនៃសារដែលមានគ្រោះថ្នាក់ និងមិនចង់បាន៕