ក្រសួងកសិកម្មនៃប្រទេសវៀតណាមបាននិយាយថា ការនាំចេញផលិតផលកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅឆមាសទីមួយនៃឆ្នាំ ២០២១ នេះ បានកើនឡើងដល់ ២៤ ពាន់លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំមុនគឺកើនឡើង ២៨,២ ភាគរយឯណោះ។
បើតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថា ការនាំចេញកសិផលមានតម្លៃ ១០,៤ ពាន់លានដុល្លារ កើនឡើង ១៣,៣ ភាគរយ ដោយមានតែ ម្រេច ស្វាយចន្ទី បន្លែ ផ្លែឈើ កៅស៊ូ និងផលិតផលដំឡូងមី។
ជាមួយគ្នានេះដែរ តម្លៃអង្កររបស់វៀតណាមកំពុងកើនឡើងជាប្រចាំ ស្របពេលដែលតម្រូវការអង្ករនៅក្នុងប្រទេសជាច្រើន រួមទាំងចិន និងកូរ៉េខាងត្បូងកំពុងកើនឡើង។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនជាច្រើនបានចុះកិច្ចសន្យារួចហើយដើម្បីនាំចេញនៅត្រីមាសទី ២ និងទី ៣។
លោក Dang Phuc Nguyen អគ្គលេខាធិការសមាគមបន្លែផ្លែឈើវៀតណាម បានប្រាប់ថា ការនាំចេញផ្លែឈើបានកើនឡើង ១៧,៦ ភាគរយ ស្មើនឹង ២,៣៦ លានដុល្លារ។ ការនាំចេញភាគច្រើនគឺទៅប្រទេសចិន។ “ផ្លែគូលេនមួយផ្នែកធំត្រូវបាននាំចេញទៅកាន់ទីផ្សារជាច្រើន រួមមានប្រទេសចិន សិង្ហបុរី ម៉ាឡេស៊ី ថៃ កម្ពុជា អាល្លឺម៉ង់ បារាំង និងសាធារណរដ្ឋឆែក”។ នេះបើតាមការបញ្ជាក់របស់លោក Nguyen។
ក្នុងនោះដែរ ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាម បានកើនឡើង ១២,៥ ភាគរយ ដល់ ៤,០៥ ពាន់លានដុល្លារ៕