នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Kaseya បាននិយាយកាលពីថ្ងៃច័ន្ទ ទី ៥ ខែកក្កដា ថា អាជីវកម្មចន្លោះពី ៨០០ ទៅ ១ ៥០០ កន្លែងនៅជុំវិញពិភពលោក ត្រូវបានរងផលប៉ះពាល់ដោយការវាយប្រហារ ransomware attack លើក្រុមហ៊ុនរបស់ខ្លួន។
លោក Fred Voccola នាយកប្រតិបត្តិក្រុមហ៊ុនខាងលើ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា វាពិបាកប៉ាន់ស្មានពីផលប៉ះពាល់ជាក់លាក់នៃការវាយប្រហារ ដែលបានកើតឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុនណាស់ ពីព្រោះការវាយប្រហារភាគច្រើនផ្តោតលើអតិថិជន នៃអតិថិជនរបស់ Kaseya។
គួរឲ្យដឹងថា Kaseya គឺជាក្រុមហ៊ុន software ដែលផ្តល់ tools សម្រាប់គ្រប់គ្រង networks, systems និង information technology infrastructure។ Tool មួយក្នុងចំណោមនោះ ត្រូវបានក្រុម Hacker វាយលុកកាលពីថ្ងៃសុក្រ ដែលអនុញ្ញាតឲ្យពួកគេលុកលុយដល់អាជីវកម្មរាប់រយ។
យ៉ាងណាមិញ ក្រុម Hacker ដែលអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ បានទាមទារទឹកប្រាក់ចំនួន ៧០ លានដុល្លារ ដើម្បីស្តារទិន្នន័យអាជីវកម្មដែលរងផលប៉ះពាល់ទាំងអស់វិញ៕