មេដឹកនាំនៃប្រទេសឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និងគណៈកម្មាការអឺរ៉ុបបានបង្ហាញភាពជាដៃគូថាមពលថ្មីក្នុងគោលបំណងជួយឥណ្ឌូនេស៊ីឱ្យផ្លាស់ប្តូរឆ្ងាយពីឥន្ធនៈហ្វូស៊ីលឆ្ពោះទៅរកប្រភពកកើតឡើងវិញ។
លោក Joko Widodo, Joe Biden និង Ursula von der Leyen បានធ្វើសេចក្តីប្រកាសនៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលមេដឹកនាំក្រុម 20 (G20) នៅកោះបាលី ជាកន្លែងដែលមេដឹកនាំនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកបានពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗ រួមទាំងវិបត្តិថាមពលពិភពលោកដែលកំពុងបន្ត។
ឥណ្ឌូណេស៊ី ជាប្រធានប្តូរវេននៃក្រុមប្រទេស G20 ឆ្នាំនេះ ហើយប្រទេសនេះក៏ជាអ្នកនាំចេញធ្យូងថ្មដ៏ធំបំផុតរបស់ពិភពលោកផងដែរ ប៉ុន្តែលោក Widodo បាននិយាយថា ប្រទេសរបស់លោកចង់អភិវឌ្ឍឧស្សាហកម្មបៃតង និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោក Widodo បាននិយាយថា “ប្រទេសឥណ្ឌូនេស៊ី មានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ឧស្សាហកម្មបៃតង រួមទាំងប្រព័ន្ធអេកូឡូស៊ីនៃឧស្សាហកម្មរថយន្តអគ្គិសនីផងដែរ។ ដោយភាពជាដៃគូផ្លាស់ប្តូរថាមពលឥណ្ឌូណេស៊ី (JETP) នឹងប្រមូលថវិកាចំនួន ២០ពាន់លានដុល្លារក្នុងរយៈពេល ៣ទៅ ៥ ឆ្នាំខាងមុខ ដើម្បីពន្លឿនការផ្លាស់ប្តូរថាមពលត្រឹមត្រូវ។ ភាពជាដៃគូនេះត្រូវបានដឹកនាំដោយប្រទេសជប៉ុន រួមជាមួយចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង កាណាដា អ៊ីតាលី ន័រវេស និងដាណឺម៉ាក។
គេសង្ឃឹមថាភាពជាដៃគូនឹងមិនត្រឹមតែផ្តល់នូវសកម្មភាពអាកាសធាតុដែលប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី និងផ្តល់ការងារជំនាញថ្មីៗផងដែរ។ ដោយមានការគាំទ្រពីដៃគូ ឥណ្ឌូនេស៊ីនឹងបង្កើតផែនការវិនិយោគដ៏ទូលំទូលាយមួយ ដើម្បីសម្រេចបាននូវគោលដៅ និងគោលនយោបាយថ្មីៗសំខាន់ៗ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។
លោក Biden បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីបានបង្ហាញពីភាពជាអ្នកដឹកនាំ និងមហិច្ឆតាយ៉ាងខ្លាំង តាមរយៈ ការអភិវឌ្ឍន៍ភាពជាដៃគូ។ លោកក៏បានបន្ថែមថា “លទ្ធផលគោលដៅថ្មី និងការបង្កើនល្បឿនបង្ហាញពីរបៀបដែលប្រទេសនានាអាចកាត់បន្ថយការបំភាយឧស្ម័ន និងបង្កើនថាមពលកកើតឡើងវិញ ខណៈពេលដែលជំរុញការប្តេជ្ញាចិត្តក្នុងការបង្កើតការងារប្រកបដោយគុណភាព និងការការពារជីវភាពរស់នៅ និងសហគមន៍”៕