រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាមបានធ្វើការចុះហត្ថលេខាលើពិធីការមួយដើម្បីនាំចេញសំបុកត្រចៀកកាំទៅកាន់ប្រទេសចិនជាផ្លូវការ ដែលស្មើនឹង ៨០% នៃចំណែកទីផ្សារពិភពលោក។
នៅថ្ងៃទី ១៦ ខែវិច្ឆិកា ពិធីការនាំចេញសំបុកត្រចៀកកាំរបស់វៀតណាមទៅកាន់ប្រទេសចិនត្រូវបានបញ្ចប់ ដោយត្រួសត្រាយផ្លូវសម្រាប់ផលិតផលនេះនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រើប្រាស់ធំបំផុតរបស់ពិភពលោក។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បាននិយាយថា “ប្រទេសចិនមានចំណែកទីផ្សារប្រហែល ៨០% នៃទីផ្សារពិភពលោក ហើយវៀតណាមមានសក្តានុពលសម្រាប់ឧស្សាហកម្មកសិកម្មរហ័ស ដូច្នេះការចុះហត្ថលេខាលើពិធីការរនេះជួយវៀតណាមរក្សាស្ថិរភាពទិន្នផល”។
ផ្ទះសំបុកសត្វត្រចៀកកាំជាង ២២ ០០០ កន្លែងក្នុងប្រទេសវៀតណាមកំពុងអោយនូវទិន្នផលមកប្រហែល ១២០តោន ដែលមានតម្លៃជាងកន្លះពាន់លានដុល្លារ។ ដោយត្រូវបានគេវាយតម្លៃថាមានតម្លៃសេដ្ឋកិច្ចខ្ពស់ ចាប់តាំងពីឆ្នាំ ២០១៩ មក សំបុកសត្វគឺជាផលិតផលមួយក្នុងចំណោមផលិតផលដែលក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទផ្តោតការយកចិត្តទុកដាក់ ចរចា និងបញ្ជូនឯកសារសម្រាប់ការនាំចេញជាផ្លូវការទៅកាន់ប្រទេសចិន។
គួរបញ្ជាក់ថា វៀតណាមមានផលិតផលកសិកម្មចំនួន ១៣ប្រភេទ ដែលត្រូវបាននាំចេញជាផ្លូវការទៅកាន់ប្រទេសចិន រួមមាន សំបុកត្រចៀកកាំ ដំឡូងជ្វា ផ្លែស្រកានាគ មាន សាវម៉ាវ ស្វាយ ខ្នុរ ឪឡឹក ចេក មង្ឃុត គូលែន ផ្លែល្ហុង និងទុរេន៕