កាលពីថ្ងៃច័ន្ទ ក្រុមហ៊ុន Zoom Video Communications Inc បានធ្វើបន្ថយការព្យាករណ៍ប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន ដោយសារវេទិកាជជែកតាមវីដេអូរំពឹងថានឹងមានផលប៉ះពាល់ពីការធ្លាក់ចុះនៃអាជីវកម្មអនឡាញ។
លោក Kelly Steckelberg ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Zoom បាននិយាយ ថាអាជីវកម្មអនឡាញរបស់ក្រុមហ៊ុននឹងធ្លាក់ចុះជិត ៨ ភាគរយក្នុងឆ្នាំនេះ។ បន្ទាប់ពីបានកត់ត្រាការកើនឡើងយ៉ាងគំហុកក្នុងអំឡុងពេលជំងឺរាតត្បាតនេះ ក្រុមហ៊ុន Zoom ដែលប្រកួតប្រជែងជាមួយ WeChat Work, Microsoft Teams, Cisco WebEx និង Slack កំពុងប្រឈមមុខនឹងការយឺតយ៉ាវ ដោយសារអតិផរណាកើនឡើង និងមនុស្សចាប់ផ្តើមចំណាយពេលតិចលើអ៊ីនធឺណិត។
ភាគហ៊ុនរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ា ដែលបានធ្លាក់ចុះជិត ៥៦ភាគរយនៅឆ្នាំនេះ បានធ្លាក់ចុះ ៥ភាគរយនៅក្នុងការជួញដូរបន្ទាប់។ ឥឡូវនេះ Zoom រំពឹងថាប្រាក់ចំណូលប្រចាំឆ្នាំនឹងមានចន្លោះពី ៤,៣៧ ពាន់លានដុល្លារទៅ ៤,៣៨ ពាន់លានដុល្លារ បើធៀបនឹងការរំពឹងទុកពីមុន ៤,៣៩ ពាន់លានដុល្លារ និង ៤,៤០ ពាន់លានដុល្លារ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានបង្កើនប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនក្នុងមួយហ៊ុនដល់ចន្លោះពី ៣,៩១ ដុល្លារ ទៅ ៣,៩៤ ដុល្លារ បើធៀបនឹងការព្យាករណ៍ពីមុន ៣,៦៦ ដុល្លារ ទៅ ៣,៦៩ ដុល្លារ។
ក្រុមហ៊ុនបាននិយាយថា ប្រាក់ចំណូលសម្រាប់ត្រីមាសទី ៣ បានបញ្ចប់នៅថ្ងៃទី ៣១ ខែតុលា បានកើនឡើង ៥ ភាគរយដល់ ១,១ ពាន់លានដុល្លារ ដោយផ្អែកលើការកើនឡើង ២០ ភាគរយពីអតិថិជនសហគ្រាសដែលមានប្រាក់ខែខ្ពស់៕