យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់នៃអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់អូស្រ្តាលី Sydney Airport បានទទួលការផ្តល់ជូនដើម្បីការទិញយក ក្នុងតម្លៃរហូតដល់ទៅ ១៦,៧ ពាន់លានដុល្លារ។
បើតាមការឲ្យដឹងពីខាងអាកាសយានដ្ឋាន Sydney Airport បាននិយាយថា សំណើនេះកំពុងតែត្រូវគេត្រួតពិនិត្យ។
គួរឲ្យដឹងថា ភាគហ៊ុនរបស់ Sydney Airport បានកើនឡើងជាង ៣០% បន្ទាប់ការផ្តល់ជូននេះត្រូវបានប្រកាសឡើង។ ប្រសិនបើការទិញនេះបានជោគជ័យ វានឹងក្លាយជាកិច្ចព្រមព្រៀងដ៏ធំបំផុតនៅក្នុងប្រទេសអូស្ត្រាលី នៅឆ្នាំ ២០២១ នេះ។
សូមបញ្ជាក់ថា សំណើសុំទិញនេះបានកើតឡើង មិនដល់មួយសប្តាហ៍ឡើយបន្ទាប់ពីប្រទេសអូស្រ្តាលីបានប្រកាសថា ខ្លួននឹងកាត់បន្ថយចំនួនអ្នកទេសចរអន្តរជាតិពាក់កណ្តាល បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលបានធ្វើឲ្យចំនួនប្រជាជនជាងពាក់កណ្តាលជាប់គាំង៕