ក្រុមហ៊ុន Startup របស់វៀតណាម BusMap JSC ដែលបង្កើតកម្មវិធីដឹកជញ្ជូនសាធារណៈ ហៅថា BusMap បានរៃអង្គាសប្រាក់ចំនួន ១,៥ លានដុល្លារ ពីក្រុមហ៊ុនក្នុងស្រុក Phenikaa Group និងក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយឈ្មោះថា Phenikaa MaaS។
បន្ទាប់ពីបានក្លាយជាផ្នែកមួយនៃក្រុមហ៊ុន Phenikaa វាត្រូវបានគេកំណត់ឲ្យផ្លាស់ប្តូររចនាសម្ព័ន្ធឡើងវិញ ហើយពង្រីកទៅជាផ្នែកដឹកជញ្ជូនសាធារណៈផ្សេងទៀត ដូចជា ផ្លូវដែក និងផ្លូវទឹកបន្ថែមពីលើសេវាកម្មរថយន្តក្រុង។
លោក Le Yen Thanh ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន BusMap JSC បានប្រាប់សារព័ត៌មាន VnExpress ថា ក្រុមហ៊ុន Startup របស់ខ្លួនបានសម្រេចចិត្តទទួលយកវិនិយោគពី Phenikaa ដោយសារតែពួកគេមានចក្ខុវិស័យស្រដៀងគ្នា។
គួរឲ្យដឹងថា ក្រុមហ៊ុន Phenikaa មានគោលបំណងដើម្បីអភិវឌ្ឍទៅជាក្រុមហ៊ុនសាជីវកម្មបច្ចេកវិទ្យាខ្ពស់ ដែលមានចំណាប់អារម្មណ៍លើវិស័យផ្សេងៗ ដូចជា យានយន្តដឹកទំនិញស្វ័យប្រវត្តិ និង Internet of Things ដែលអាចបម្លែងទៅជា ការដឹកជញ្ជូនវៃឆ្លាត និងទីក្រុងវៃឆ្លាត ទៀតផង៕