រដ្ឋមន្រ្តីក្រសួងថាមពលរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃច័ន្ទ ទី១៤ នេះថា ឥណ្ឌូនេស៊ីមានបំណងលក់តែរថយន្ត និងម៉ូតូអគ្គិសនី នៅត្រឹមឆ្នាំ ២០៥០ ដើម្បីជំនួសយានយន្តដែលបំពាក់ដោយម៉ាស៊ីនចំហេះក្នុង ស្របពេលដែលប្រទេសនេះកំពុងសម្លឹងមើលការកាត់បន្ថយការបំភាយកាបូន។
លោក Arifin Tasrif បាននិយាយថា ម៉ូតូទាំងអស់ដែលលក់ចាប់ពីឆ្នាំ ២០៤០ នឹងត្រូវបំពាក់ដោយថាមពលអគ្គីសនីខណៈដែលរថយន្តថ្មីទាំងអស់ ដែលបានលក់ចាប់ពីឆ្នាំ ២០៥០ នឹងជាយានយន្តអគ្គិសនី។
គួរឲ្យដឹងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសដែលមានប្រជាជនច្រើនបំផុតទី៣ នៅលើពិភពលោកនេះ បានលក់ម៉ូតូជាមធ្យមចំនួន ៦,៥ លានគ្រឿង និងរថយន្តប្រហែល ១ លានគ្រឿងក្នុងមួយឆ្នាំ។
លោក Dadan Kusdiana នៅក្រសួងថាមពលដដែលបានមានប្រសាសន៍ថា “យើងមិនមានគោលនយោបាយបញ្ឈប់ការប្រើប្រាស់ម៉ាស៊ីនចំហេះក្នុងទេ គ្រាន់តែលើកទឹកចិត្តដល់ការប្រើប្រាស់យានយន្តអគ្គិសនីប៉ុណ្ណោះ”។
ទិន្នន័យពីសមាគមឧស្សាហកម្មរថយន្តឥណ្ឌូនេស៊ីបានបង្ហាញថា ប្រទេសនេះមានរថយន្តជាង ១៥ លានគ្រឿង និងម៉ូតូចំនួន ១១២ លានគ្រឿង នៅលើដងផ្លូវគិតត្រឹមឆ្នាំ ២០១៩៕