ការនាំចេញរថយន្តទៅកាន់ប្រទេសវៀតណាម អាចរំពឹងថានឹងប្រឈមមុខនឹងរបាំងឧបសគ្គថ្មី បន្ទាប់ពីប្រទេសដែលជាអ្នកនាំចូលធំជាងគេក្នុងតំបន់អាស៊ាន សម្រាប់រថយន្តភីកអាប់ និងរថយន្តដឹកអ្នកដំណើរមកពីប្រទេសថៃ ត្រៀមនឹងអនុវត្តស្តង់ដារនៃការបំភាយថ្មី (Euro 5 emission standard) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំក្រោយ។
គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តដែលមិនអាចកែតម្រូវ ដើម្បីស្របទៅនឹងស្តង់ដារបរិស្ថានតឹងរ៉ឹងបាន នឹងបង់បាត់ការលក់របស់ខ្លួន។
ក្លឹបផលិតរថយន្តរបស់សហព័ន្ធឧស្សាហកម្មថៃ Federation of Thai Industries (FTI) កំពុងធ្វើការស្ទាបស្ទង់លើក្រុមហ៊ុនផលិតរថយន្ត អំពីរបៀបដែលពួកគេនឹងឆ្លើយតបចំពោះច្បាប់ពាណិជ្ជកម្មថ្មីខាងលើ។
លោក Surapong Paisitpatanapong អនុប្រធាន និងជាអ្នកនាំពាក្យនៅក្លឹបផលិតរថយន្តរបស់ FTI បានថ្លែងថា “យើងបារម្ភថាការនាំចេញរថយន្តនឹងរងផលប៉ះពាល់ ប៉ុន្តែយើងមិនអាចព្យាករពីទំហំនេះបានទេនៅពេលនេះ”។
លោកបានបន្ថែមទៀតថា Paisitpatanapong “យើងដឹងថាវិធានការ Euro 5 ត្រូវបានប្រើប្រាស់ដោយប្រទេសនានាដែលត្រូវការការពារឧស្សាហកម្មក្នុងស្រុករបស់ពួកគេ”។
ទោះជាយ៉ាងណាក៏ដោយ លោក Pisit Rangsaritwutikul ប្រធានវិទ្យាស្ថានរថយន្តថៃ Thailand Automotive Institute (TAI) បាននិយាយថា ផលប៉ះពាល់នឹងមិនធ្ងន់ធ្ងរទេ ពីព្រោះលោកជឿជាក់ថា រដ្ឋាភិបាលថៃ និងវៀតណាមអាចចរចាដើម្បីរកដំណោះស្រាយលើបញ្ហានេះបាន៕