យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សហរដ្ឋអាមេរិក បានបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរសម្រាប់ប្រទេសជាច្រើន ស្របពេលដែលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅតែបន្ត។
ទីភ្នាក់ងារសុខភាពសាធារណៈរបស់សហរដ្ឋអាមេរិក បានធ្វើបច្ចុប្បន្នភាពលើលក្ខណៈវិនិច្ឆ័យរបស់ខ្លួន កាលពីថ្ងៃច័ន្ទ ដែលបានមើលឃើញថា ប្រទេសចំនួន ៦១ បានធ្លាក់ចុះពីកម្រិតទី ៤ “ជៀសវាងការធ្វើដំណើរទាំងអស់” (Level 4 “avoid all travel” rating)។
បណ្តាប្រទេសដូចជាបារាំង អេស្បាញ និងអ៊ីតាលី ឥឡូវនេះគឺស្ថិតនៅ កម្រិត ៣ ដែលមានន័យថា អ្នកដំណើរដែលទទួលថ្នាំបង្ការពេញលេញ អាចនឹងទៅតំបន់ទាំងនេះ។ ដោយឡែក អ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក អាចទៅលេងចក្រភពអង់គ្លេសបាន ប៉ុន្តែត្រូវធ្វើចក្តាឡីស័ក។
ទោះបីជាចក្រភពអង់គ្លេសត្រូវបានចុះបញ្ជីក្នុងកម្រិតទី ៣ ដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺអាមេរិក (CDC) ក៏ដោយ ក៏ពលរដ្ឋដែលមិនមែនជាជនអាមេរិក ដែលធ្លាប់បានស្នាក់នៅចក្រភពអង់គ្លេសក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយមិនអាចចូលសហរដ្ឋអាមេរិកបានដដែល លើកលែងតែមានការលើកលែងជាក់លាក់ត្រូវបានអនុវត្ត។
CDC បាននិយាយថា លក្ខណៈវិនិច្ឆ័យថ្មីសម្រាប់ កម្រិតទី៤ “ជៀសវាងការធ្វើដំណើរទាំងអស់” បានផ្លាស់ប្តូរពី ១០០ ករណី ក្នុង ១០០ ០០០នាក់ ទៅ ៥០០ ករណីក្នុង ១០០ ០០០នាក់វិញ៕