យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុគ្គលិករបស់ក្រុមហ៊ុន Apple បានបើកយុទ្ធនាការដើម្បីប្រឆាំងនឹងផែនការរបស់លោក Tim Cook ដែលចង់ឲ្យបុគ្គលិកវិលត្រឡប់ទៅធ្វើការនៅការិយាល័យវិញ។
យុទ្ធនាការនេះបានកើតឡើង បន្ទាប់ពីមានការផ្ញើសារទៅកាន់បុគ្គលិក Apple ទាំងអស់កាលពីសប្តាហ៍មុន ដែលមេ Apple បាននិយាយថា បុគ្គលិកគួរតែទៅធ្វើការនៅក្នុងការិយាល័យយ៉ាងហោចណាស់ ៣ថ្ងៃក្នុងមួយសប្តាហ៍ គិតត្រឹមខែកញ្ញាតទៅ។
ទោះជាយ៉ាងណាក៏ដោយ បុគ្គលិកកំពុងទាមទារភាពបត់បែនបន្ថែមទៀត។ នេះបើយោងតាមលិខិតផ្ទៃក្នុងដែលទទួលបានដោយគេហទំព័រព័ត៌មាន The Verge។
លិខិតខាងលើបានឲ្យដឹងទៀតថា “គោលការណ៍របស់ Apple បានបង្ខំឲ្យមិត្តរួមការងាររបស់យើងមួយចំនួនលាឈប់រួចទៅហើយ។ បើគ្មានភាពបត់បែនទេនោះ យើងភាគច្រើនមានអារម្មណ៍ថា យើងត្រូវជ្រើសរើសរវាងក្រុមគ្រួសាររបស់យើង, សុខុមាលភាពរបស់យើង និងការទទួលបានអំណាចដើម្បីធ្វើការងារល្អបំផុតរបស់យើង ឬគ្រាន់តែជាផ្នែកមួយនៃក្រុមហ៊ុន Apple”៕