អតីតប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូង លោក Nelson Mandela ដែលទទួលបានការស្រលាញ់ និងគោរពយ៉ាងខ្លាំង ធ្លាប់បាននិយាយថា “ខ្ញុំមិនចាញ់ឡើយ។ ខ្ញុំមានតែឈ្នះ ឬរៀនសូត្រពីវា”។
សហគ្រិនដែល Cambobiz នឹងលើកយកមកបង្ហាញនៅក្នុងថ្ងៃនេះ គឺជាសក្ខីភាពយ៉ាងពិតប្រាកដ ចំពោះពាក្យមួយឃ្លាខាងលើនោះ ដោយសារតែពួកគេបានប្រែខ្លួនទៅជាសហគ្រិនដ៏អស្ចារ្យ និងជោគជ័យបំផុត។
១) Jay Z និង Beyonce
គូស្វាមីភរិយាដ៏មានឥទ្ធិពល លោក Jay Z និង អ្នកនាង Beyonce មានទ្រព្យសម្បត្តិរួមសរុបចំនួន ១,៥ ពាន់លានដុល្លារ។ គ្មានអ្វីដែលគូស្នេហ៍នេះមិនអាចធ្វើបានឡើយ។ Jay-Z គឺជាសិល្បករ Hip-hop ដំបូងគេដែលរកចំណូលបាន ១ ពាន់លានដុល្លារ។
ការសរសើរ និងជោគជ័យក្នុងអាជីវកម្មដែលប្តីប្រពន្ធមានគឺច្រើនណាស់ ដូចជា ម៉ូតសំលៀកបំពាក់, ស្ទូដីយូថតសំឡេង, សេវាកម្ម Streaming ចម្រៀង, ភោជនីយដ្ឋាន, គ្រឿងស្រវឹង, អចលនទ្រព្យ, កញ្ឆា, ការវិនិយោគ, ក្រុមកីឡា និង អ្នកនាំពាក្យសម្រាប់ម៉ាកជាច្រើន។
អំណាចម៉ាកយីហោរបស់ Beyonce និង Jay Z លើសពីមនុស្សជាច្រើន ហើយជាមួយនឹងយុទ្ធសាស្រ្តទីផ្សារដ៏អស្ចារ្យ និងការបើកដំណើរការប្លែកៗ គូស្នេហ៍នេះនៅតែបន្តទទួលបានភាពជោគជ័យ។
២) Chris Gardner
អ្នកជំនួញជនជាតិអាមេរិក Chris Gardner គឺជាបុរសម្នាក់ដែលបានជំរុញជីវិតមនុស្សជាច្រើន។ ជីវិតរបស់លោកពិតជាមានអត្ថន័យ និងមានឥទ្ធិពលខ្លាំងណាស់ រហូតមានខ្សែភាពយន្តមួយឈ្មោះថា The Pursuit of Happiness ផលិតតាម ហើយមានការចូលរួមសម្តែងដោយ លោក Will Smith ទៀតផង។
លោក Gardner ធ្លាប់ជាជនអនាថាគ្មានផ្ទះសម្បែងរស់នៅទេ នៅទសវត្សរ៍ឆ្នាំ ៨០ ពេលលោកចិញ្ចឹមកូនប្រុសតូចម្នាក់។ ថ្ងៃមួយ បន្ទាប់ពីមានជម្លោះជាមួយមិត្តស្រី ប៉ូលីសបានរកឃើញថាលោក Gardner មានសំបុត្រផាកពិន័យដែលមិនទាន់បង់ប្រាក់ លើរថយន្តរបស់លោក ដូច្នេះលោកបានជាប់ពន្ធនាគាររយៈពេល ១០ ថ្ងៃ។
នៅពេលលោកបានចេញពីគុកវិញ លោកបានបាត់បង់អ្វីៗទាំងអស់។ អតីតសង្សាររបស់លោក បានចាកចេញទៅជាមួយកូន ហើយចុងក្រោយបែរជាយកកូនមកទម្លាក់ចោលជាមួយលោក Gardner ដើម្បីឲ្យទទួលខុស និងមើលថែទាំងអស់វិញ។
Gardner និងកូនប្រុសតូចរបស់លោកគ្មានផ្ទះសម្បែងអស់រយៈពេលជិតមួយឆ្នាំ។ ពួកគេបានដេកនៅទីណាដែលពួកគេគិតថាមានសុវត្ថិភាព ហើយទោះបីជាលោករកបានការងារធ្វើ ក៏នៅតែមិនអាចមានលទ្ធភាពទិញផ្ទះដែលសមរម្យមួយដែរ។
បច្ចុប្បន្ន លោក Gardner គឺជាអ្នកជំនួញដ៏ស្តុកស្តម្ភ និងល្បីឈ្មោះ ហើយបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះ Gardner Rich & Co និងមានទ្រព្យសម្បត្តិសរុបប្រហែល ៧០ លានដុល្លារឯណោះ។
៣) Sheila Johnson និង Robert Johnson
ពួកគេគឺជាសហគ្រិនស្បែកខ្មៅដំបូងគេ ដែលបានក្លាយជាមហាសេដ្ឋីនៅសហរដ្ឋអាមេរិក។
នៅឆ្នាំ ១៩៧៩ គូស្វាមីភរិយា Robert Johnson និង Sheila Johnson បានរួមគ្នាបង្កើតទូរទស្សន៍ BET (Black Entertainment Television)។ ក្រុមហ៊ុននោះក៏បានលក់ទៅឲ្យក្រុមហ៊ុន Viacom ក្នុងឆ្នាំ ២០០០ ក្នុងតម្លៃ ៣ ពាន់លានដុល្លារ។ ក្រោយមកប្តីប្រពន្ធនេះបានលែងលះគ្នា ប៉ុន្តែវាមិនបានបញ្ឈប់ពួកគេពីការឈានទៅមុខក្នុងអាជីពរៀងៗខ្លួនឡើយ។
Sheila Johnson បានក្លាយជាម្ចាស់នៃក្រុមកីឡាជាច្រើន រួមទាំង Washington Wizards, Washington Capitals និង Washington Mystics ផងដែរ។
Robert បានក្លាយជាជនជាតិអាហ្រ្វិកអាហ្រ្វិកដំបូងគេ ដែលបានក្លាយជាម្ចាស់ភាគហ៊ុនច្រើននៅ NBA Charlotte Bobcats ក្នុងឆ្នាំ ២០០៣។ លោកក៏បានបង្កើតក្រុមហ៊ុន RLJ Companies ក្នុងឆ្នាំ ២០០៤ ជាក្រុមហ៊ុនវិនិយោគដែលធ្វើការក្នុងវិស័យអចលនទ្រព្យសណ្ឋាគារ, សេវាកម្មហិរញ្ញវត្ថុ, ការគ្រប់គ្រងទ្រព្យសម្បត្តិ, ល្បែង ព្រមទាំង ឧស្សាហកម្មកីឡា និងកម្សាន្ត។
នៅឆ្នាំដដែលនោះ Sheila បានបង្កើតសណ្ឋាគារ និងរមណីយដ្ឋាន Salamander Hotels and Resorts ហើយនាងគឺជានាយកប្រតិបត្តិ។ នាងក៏ជាស្ថាបនិក និងជាប្រធានមហោស្រពភាពយន្ត Middleburg Film Festival និងបានបង្កើតសេវាកម្មវីដេអូតាមតម្រូវការ (video-on-demand) ក្នុងឆ្នាំ ២០១៤ ដែលមានឈ្មោះថា Urban Movie Channel ផងដែរ។
ឆ្ពោះទៅមុខបាន ២ ឆ្នាំ Sheila បានបង្កើតក្រុមហ៊ុន WE Capital ដែលជាក្រុមហ៊ុនមួយប្តេជ្ញាចិត្តជួយដល់អាជីវកម្មដែលដឹកនាំដោយសហគ្រិនស្ត្រីដែលមានបំណងផ្តោតលើឱកាសសង្គម៕