កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ក្រុមហ៊ុន Apple បានដំឡើងថ្លៃជួសជុលសម្រាប់ iPhone 12 ដែលហួសការធានា បើប្រៀបធៀបទៅនឹង iPhone 11 គឺកាន់តែថ្លៃជាងមុន។
តម្លៃជួសជុលអេក្រង់បែក សម្រាប់ iPhone 12 ធម្មតា គឺ ២៧៩ដុល្លារ ប្រសិនបើអ្នកគ្មាន AppleCare+ ដែលថ្លៃជាង iPhone 11 ៨០ដុល្លារឯណោះ។ ការឡើងថ្លៃនេះក៏ដោយសារតែ Apple បានប្តូរពីអេក្រង់ LCD មកប្រើអេក្រង់ OLED។
ចំណែកឯការជួសជុលខូចផ្សេងៗ (Other damage) នៅលើ iPhone 12 នឹងថ្លៃជាង iPhone 11 ៥០ដុល្លារ ពោលគឺឡើងពី ៣៩៩ដុល្លារ ទៅ ៤៤៩ដុល្លារ។
ទោះជាយ៉ាងណា ការជួសជុលសម្រាប់ iPhone 12 Pro ដែលហួសការធានា នៅតែរក្សាតម្លៃដូច iPhone 11 Pro ដដែល គឺ ២៧៩ដុល្លារ។
យ៉ាងណាមិញ ប្រសិនបើអ្នកមានសេវាកម្មធានា AppleCare+ តម្លៃនៃការជួសជុលមិនត្រូវបានផ្លាស់ប្តូរឡើង គឺ ២៩ដុល្លារ សម្រាប់ការជួសជុលអេក្រង់បែក និង ៩៩ដុល្លារ សម្រាប់ជួសជុលការខូចផ្សេងៗ៕