ឥណ្ឌា គឺជាប្រទេសដែលរងការប៉ះពាល់ខ្លាំងបំផុតមួយ ដោយសារតែ Covid-19 ដែលក្នុងនោះមានចំនួនជាង ៦ លានករណី ខ្ពស់បំផុតលំដាប់ទី ២ លើពិភពលោក និងបានរាយការណ៍ថា ធ្លាក់ចុះកំណើនសេដ្ឋកិច្ច ២៤% សម្រាប់ត្រីមាសចុងខែមិថុនា។ ទោះបីជាមានបញ្ហានេះក៏ដោយ ក៏ពាក់កណ្តាលនៃអ្នកមានបំផុតទាំង ១០០ របស់ប្រទេសនេះទទួលបានប្រាក់ចំណេញកើនឡើង ១៤% ស្មើនឹង ៥១៧,៥ ពាន់លានដុល្លារ។
ជាងពាក់កណ្តាលនៃការកើនឡើងនេះ គឺជារបស់លោក Mukesh Ambani ដែលឈរនៅកំពូលលេខ ១ សម្រាប់ឆ្នាំទី ១៣ ដែលបានបន្ថែមប្រាក់ចំនួន ៣៧,៣ ពាន់លានដុល្លារចូលទៅក្នុងទ្រព្យសម្បត្តិរបស់លោក កើនឡើង ៧៣% ធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោកមានចំនួន ៨៨,៧ ពាន់លានដុល្លារ។
ភាគហ៊ុននៃឧស្សាហកម្ម Reliance Industries Limited របស់លោកបានកើនឡើង នៅពេលដែលប្រទេសនេះត្រូវបានបិទទ្វារ ដោយលោក Ambani ទទួលបានប្រាក់ជាង ២០ ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុន Jio Platforms។ បច្ចុប្បន្នវិនិយោគិនកំពុងសម្លឹងមើលលើក្រុមហ៊ុន Reliance Retail ដែលស្ថិតក្រោមក្រុមហ៊ុន Reliance Industries Limited ដែលទទួលបានប្រាក់ជាង ៥ ពាន់លានដុល្លារ។
ដោយឡែក ឈរនៅលំដាប់លេខ ២ ម្តងទៀតនៅឆ្នាំនេះគឺ លោក Gautam Adani ដែលបានកើនទ្រព្យសម្បត្តិសរុបចំនួន ៦១% ស្មើនឹង ២៥,២ ពាន់លានដុល្លារ។
ជាមួយគ្នានេះ មហាសេដ្ឋីបច្ចេកវិទ្យាគឺ លោក Shiv Nadar ដែលបានប្រគល់តំណែងជាប្រធានក្រុមហ៊ុន HCL Technologies ឲ្យទៅកូនស្រីរបស់លោក ឈ្មោះ Roshni Nadar Malhotra កាលពីខែកក្កដា បានលោតឡើងលើចំណាត់ថ្នាក់លេខ ៣ ដោយមានទឹកប្រាក់សរុប ២០,៤ ពាន់លានដុល្លារ៕