អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ទៅកាន់សារព័ត៌មាន Fox Business ថា លោកមើលឃើញ Bitcoin ថាជា “ការបោកប្រាស់” ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃលុយដុល្លារអាមេរិក។
លោក ត្រាំ បាននិយាយថា “Bitcoin វាហាក់ដូចជាការបោកប្រាស់អីចឹង។ ខ្ញុំមិនចូលចិត្តវាទេ ពីព្រោះវាជារូបិយប័ណ្ណមួយផ្សេងទៀត ដែលប្រកួតប្រជែងនឹងលុយដុល្លារ”។ លោកបានបន្ថែមទៀតថា លោកចង់ឲ្យលុយដុល្លារ ក្លាយជា “រូបិយប័ណ្ណសម្រាប់ពិភពលោក”។
គួរឲ្យដឹងថា ការអត្ថាធិប្បាយរបស់លោក ត្រាំ បានធ្វើឡើងដើម្បីឆ្លើយតបទៅលើព័ត៌មានដែលថា ប្រទេសអែលសាល់វ៉ាឌ័រ គ្រោងនឹងធ្វើឲ្យមានការដេញថ្លៃ Bitcoin ស្របច្បាប់។
សូមបញ្ជាក់ដែរថា តម្លៃរបស់ Bitcoin បានធ្លាក់ចុះជាលំដាប់ ចាប់តាំងពីដើមខែឧសភាមក ហើយពេលនេះវាមិនទាន់បានធូរស្បើយនៅឡើយទេ។ ការធ្លាក់ចុះនេះត្រូវបានគេសន្និដ្ឋានជាទូទៅថា មកពីប្រទេសចិនដែលបានហាមឃាត់ ធនាគារ និងក្រុមហ៊ុន ពីការផ្តល់សេវាកម្មទាក់ទងនឹងប្រតិបត្តិការរូបិយប័ណ្ណឌីជីថល ក៏ដូចជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ដែលបានប្រកាសថា ខ្លួននឹងផ្អាកទទួលយករូបិយប័ណ្ណ Bitcoin៕