ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines គ្រោងនឹងលក់យន្តហោះ Airbus A321 ចំនួន ១១ គ្រឿង តាមរយៈការលក់ដេញថ្លៃមួយ ខណៈក្រុមហ៊ុនមួយនេះកំពុងតែតស៊ូជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចយ៉ាងខ្លាំង ដែលបង្កដោយការរាតត្បាតជំងឺកូវីដ១៩។
ក្រុមហ៊ុនអាកាសចរណ៍ដែលមានភាគហ៊ុន ៨៦ ភាគរយរបស់រដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា អ្នកទិញដែលមានចំណាប់អារម្មណ៍អាចដាក់ឯកសារដេញថ្លៃបាន ត្រឹមថ្ងៃទី ២៩ ខែមិថុនា។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បាននិយាយថា “ការដេញថ្លៃយន្ដហោះដែលផលិតនៅចន្លោះឆ្នាំ ២០០៤ និង ២០០៨ នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីធ្វើឲ្យក្រុមហ៊ុនរបស់ខ្លួនមានភាពប្រសើរឡើង និងបង្កើនជំហរហិរញ្ញវត្ថុរបស់ខ្លួនក្នុងពេលមានជំងឺរាតត្បាត”។
គួរឲ្យដឹងដែរថា ក្រុមហ៊ុន Vietnam Airlines បានរាយការណ៍ពីការខាតបង់សុទ្ធចំនួន ២១៥ លានដុល្លារ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២១ នេះ៕