ការលក់រថយន្តអគ្គិសនីនៅប្រទេសន័រវែសបានកើនឡើងនៅក្នុងប៉ុន្មានខែចុងក្រោយនេះ។ នៅក្នុងខែឧសភា ការលក់បានកើនឡើងទ្វេដងជាថ្មីម្តងទៀត ឈានដល់លទ្ធផលល្អបំផុតប្រចាំខែ។
ចំនួនសរុបនៃការចុះឈ្មោះរថយន្តថ្មីមានចំនួន ១១ ៧១៩គ្រឿង (កើនឡើង ១២៣% ពីមួយឆ្នាំទៅមួយឆ្នាំ)។ ជាមួយគ្នានេះដែរ រថយន្តដែលដោតសាកភ្លើងបានកាន់កាប់ទីផ្សាររហូតដល់ទៅ ៨៣,៣% ឯណោះ។
មិនតែប៉ុណ្ណោះ រហូតមកដល់ពេលនេះ ក្នុងឆ្នាំ២០២១ មានរថយន្តអ្នកដំណើរប្រភេទដោតសាកភ្លើងចុះឈ្មោះថ្មី ចំនួនជាង ៥២ ០០០គ្រឿង ដែលជិត ៨២% នៃទីផ្សារសរុប។ ផ្នែកដែលនៅសល់ធ្លាក់លើម៉ូដែលប្រើប្រេងធម្មតា និងរថយន្ត Hybrid។
ក្នុងនោះដែរ រថយន្ត Ford Mustang Mach-E បានចុះឈ្មោះថ្មីរហូតដល់ទៅ ១ ៣៨៤គ្រឿង (ស្មើនឹង ៩,៨ភាគរយនៃចំណែកទីផ្សារ) នៅក្នុងខែឧសភា ធ្វើឲ្យវាក្លាយជារថយន្តអគ្គិសនីលក់ដាច់បំផុត ខណៈពេលដែល Tesla Model 3 បានត្រឹម ៥០៤គ្រឿងប៉ុណ្ណោះ៕