អ្នកលក់កង់រាយនៅក្នុងប្រទេសវៀតណាម បានមើលឃើញពីការកើនឡើងនៃចំនួនលក់ ចន្លោះពី ២០០-៣០០ ភាគរយ ចាប់តាំងពីឆ្នាំមុន នៅពេលមានជំងឺរាតត្បាតកូវីដ១៩ ដំបូងបានចាប់ផ្តើម។
ក្រុមហ៊ុនលក់រាយជប៉ុន AEON Vietnam ដែលមានហាងលក់កង់ចំនួន ៦ កន្លែងនៅផ្សារទំនើបចំនួន ៦ របស់ខ្លួននៅហូជីមិញ, ហាណូយ, ហាយផុង និងខេត្តប៊ិញដុង បានរាយការណ៍ពីការលក់កើនឡើងពី ២០០ ទៅ ៣០០ ភាគរយកាលពីឆ្នាំមុន។
អ្នកនាំពាក្យរបស់ AEON បាននិយាយថា៖ «ការលេចចេញនូវជំងឺកូវីដ១៩ បានធ្វើឲ្យប្រជាជនយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះសុខភាព។ ការជិះកង់ បានក្លាយជានិន្នាការហាត់ប្រាណមួយនៅប្រទេសវៀតណាម»។
Blue Circle Company ដែលជាក្រុមហ៊ុនវៀតណាមចែកចាយ យីហោកង់យក្សរបស់តៃវ៉ាន់ ក៏បានរាយការណ៍ពីការកើនឡើងនៃការលក់នៅក្នុងហាងចំនួន ២១ កន្លែងរបស់ខ្លួនដែរ។ លោក Peter Nguyen នាយកប្រតិបត្តិក្រុមហ៊ុនខាងលើ បាននិយាយថា តម្រូវការនៃការធ្វើលំហាត់ប្រាណកើនឡើង ខណៈពេលមនុស្សព្យាយាមរក្សាគម្លាតសង្គម។
ទោះជាយ៉ាងណាក៏ដោយ លោក Nguyen បានបន្ថែមថា ទីផ្សារកង់មានសក្តានុពលខ្ពស់ក្នុងរយៈពេលវែង ដោយសារកត្តា ៣យ៉ាង គឺ ភាពរីកចម្រើន, ការបង្កើតផ្លូវកង់ រួមជាមួយ នគរូបនីយកម្ម និងការអភិវឌ្ឍនៃការផ្នែកដឹកជញ្ជូនសាធារណៈដែលនឹងកាត់បន្ថយការប្រើប្រាស់ម៉ូតូ៕