កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្រុមហ៊ុន Nike បាននិយាយថា ខ្លួនបានចែកផ្លូវគ្នាជាមួយ កីឡាករបាល់ទាត់ Neymar កាលពីឆ្នាំមុន បន្ទាប់ពីកំពូលខ្សែប្រយុទ្ធរបស់ប្រេស៊ីលរូបនេះ បានបដិសេធមិនសហការក្នុងការស៊ើបអង្កេតដោយស្មោះត្រង់ នៅពេលក្រុមហ៊ុនបានអះអាងថា និយោជិករបស់ខ្លួនត្រូវ Neymar បៀតបៀនផ្លូវភេទនាង។
ក្រុមហ៊ុនកីឡាយក្សខាងលើ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស៊ើបអង្កេតរបស់ខ្លួនចំពោះឧប្បត្តិហេតុឆ្នាំ ២០១៦ ដែលត្រូវបានរាយការណ៍ទៅក្រុមហ៊ុននៅឆ្នាំ ២០១៨ នោះ គឺមិនមានលក្ខណៈគ្រប់គ្រាន់ទេ។
ក្រុមហ៊ុន Nike បាននិយាយថា “គ្មានអង្គហេតុជាក់លាក់ណាមួយលេចចេញមក ដែលអាចឲ្យយើងនិយាយបានច្រើនពីបញ្ហានេះទេ”។
ដោយឡែក អ្នកនាំពាក្យរបស់កីឡាករបាល់ទាត់ខាងលើ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Neymar Jr. នឹងការពារខ្លួនយ៉ាងរឹងមាំប្រឆាំងនឹងការចោទប្រកាន់គ្មានមូលដ្ឋានទាំងនេះ ក្នុងករណីដែលការអះអាងណាមួយត្រូវបានបង្ហាញ ដែលមិនបានកើតឡើងរហូតមកដល់ពេលនេះ” ហើយបានបន្ថែមថា Nike និង Neymar ចែកផ្លូវគ្នា ដោយសារហេតុផលពាណិជ្ជកម្ម។
ផ្ទុកទៅវិញ ក្រុមហ៊ុន Nike បាននិយាយខុសស្រឡះពីនេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន។ ក្រុមហ៊ុននេះបាននិយាយថា “វាជារឿងមិនសមរម្យសម្រាប់ក្រុមហ៊ុន Nike ក្នុងការធ្វើសេចក្តីថ្លែងការចោទប្រកាន់ដោយមិនមានលទ្ធភាពផ្តល់ព័ត៌មានគាំទ្រ” ប៉ុន្តែបានបន្ថែមថា “Nike បានបញ្ចប់ទំនាក់ទំនងជាមួយកីឡាករ Neymar ព្រោះលោកមិនព្រមសហការណ៍ក្នុងការស៊ើបអង្កេតដោយស្មោះត្រង់ អំពីការចោទប្រកាន់ដែលអាចជឿទុកចិត្តបាន នៃការធ្វើខុសលើនិយោជិករបស់ខ្លួន”៕