Nike ត្រូវបានស្គាល់ជាម៉ាកយីហោស្បែកជើងដ៏ល្បីល្បាញមួយ ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៦៤ ដោយលោក Philip Knight និងលោក Bill Bowerman។ មុននឹងប្តូរមកជាឈ្មោះ Nike ម៉ាកយីហោនេះធ្លាប់មានឈ្មោះ Blue Ribbon Sports (BRS)។

មុននឹងបង្កើត Nike លោក Philip និង Bill គឺជាដៃគូនាំចូលស្បែកជើងជប៉ុនម៉ាក Onitsuka Tiger មកលក់នៅសហរដ្ឋអាមេរិក។ មិនត្រឹមតែនាំចូលទេ ថែមទាំងចូលរួមផលិតទៀតផង។ ដោយនៅឆ្នាំ ១៩៧១ Philip និង Bill បានសម្រេចចិត្តផលិតស្បែកជើងដោយខ្លួនឯង និងប្តូរឈ្មោះពី BRS ទៅជា Nike វិញ។ កាន់តែពិសេសនោះ ពួកគេចំំំណាយត្រឹមតែ ៣៥ ដុល្លារទៅលើឡូហ្គូមួយនេះ តែបើប្រៀបធៀបមកឥឡូវឡូហ្គូនេះមានតម្លៃខ្ទង់ ២៦ ពាន់លានដុល្លារឯណោះ។

លោក Bill Bowerman គឺជាមនុស្សសំខាន់ម្នាក់សម្រាប់ Nike ក៏ព្រោះតែគំនិតច្នៃប្រឌិតក្នុងការបង្កើតស្បែកជើង ដែលមានទម្ងន់ស្រាល និងផាសុកភាពរបស់លោក។ ជាក់ស្តែង លោកបានផលិតស្បែកជើងមួយឈ្មោះថា “Moon Shoe” ឬ “Waffle Trainer” ស្បែកជើងនេះទទួលបានគំនិតចេញពីម៉ាសុីនចាក់នំ Waffle ដោយបានប្រើប្រាស់ពុម្ព Waffle មកផលិតបាតស្បែកជើង។ បើគិតដល់ឥឡូវនេះ ស្បែកជើងនេះក្លាយទៅជារបស់កម្រ និងមានតម្លៃរហូតដល់ជិត $៤៥០,០០០ នៅក្នុងវេបសាយ Sotheby។

មិនត្រឹមតែប៉ុណ្ណោះ ភាពល្បីល្បាញរបស់ Nike បានផ្ទុះឡើងពាសពេញពិភពលោកនៅឆ្នាំ ១៩៨៨ ជាមួយនឹងយុទ្ធនាការផ្សព្វផ្សាយពាក្យស្លោក “Just Do It” ។ ពាក្យស្លោកនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើវប្បធម៌ពិភពលោក ព្រោះវាជាសារខ្លីមានអត្ថន័យ ដែលជំរុញទឹកចិត្តមនុស្សគ្រប់រូប មិនថាជាអត្តពលិកអាជីព ឬអ្នកហាត់ប្រាណធម្មតាឲ្យងើបឡើង ជម្នះគ្រប់ឧបសគ្គដើម្បីសម្រេចគោលដៅរបស់ខ្លួន។ ការផ្សព្វផ្សាយនេះ បានបង្វែរចំណាប់អារម្មណ៍មហាជន ឲ្យកាន់តែស្គាល់ម៉ាកយីហោ Nike ព្រមទាំងបានចូលរួមចំណែកមួយក្នុងការផ្សព្វផ្សាយគំនិតអប់រំក្នុងសង្គមផងដែរ។

បច្ចុប្បន្ន Nike នៅតែជាម៉ាកស្បែកជើងល្បីល្បាញមួយនៅលើទីផ្សារ ដែលមានហាងលក់រាយចំនួន ១០៣៤ នៅទូទាំងពិភពលោក។ ចំណែកចំណុចកត់ សម្គាល់មួយពី ម៉ាកយីហោមួយនេះ គឺមិនមែនផ្តោតទៅលើការលក់មួយមុខនោះទេ ប៉ុន្តែគឺជាភ្ជាប់អារម្មណ៍អតិថិជនជាមួយនឹងយីហោខ្លួន ទទួលបាននូវគុណភាព និងបទពិសោធន៍ថ្មីមួយទៀត។ នេះ ជាមូលហេតុចម្បងដែលធ្វើឱ្យម៉ាកយីហោមួយនេះអាចឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារសកលលោកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។




