យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ទោះបីជាប្រាក់ចំណូលបានធ្លាក់ចុះដោយសារតែជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ ក៏ការស្ទង់មតិមួយបានរកឃើញថា ការរស់នៅរបស់ប្រជាជនវៀតណាមមានភាពប្រសើរឡើង ខណៈពួកគេទទួលទានបាយតិចជាងមុន ប៉ុន្តែទទួលទានស្រាបៀរ និងសាច់ កាន់តែច្រើន។
យោងតាមការស្ទង់មតិស្តីពីស្តង់ដាររស់នៅឆ្នាំ ២០២០ ដោយការិយាល័យស្ថិតិទូទៅ (GSO) ដែលបានធ្វើក្នុងចំណោមមនុស្ស ៤៧ ០០០ គ្រួសារទូទាំងប្រទេស បានប៉ាន់ប្រមាណថា ប្រាក់ចំណូលប្រចាំខែរបស់មនុស្សម្នាក់ៗបានធ្លាក់ចុះ ២ ភាគរយពីឆ្នាំមុន មកត្រឹម ៤,២ លានដុង (១៨២ ដុល្លារ) ដោយសារតែជំងឺរាតត្បាតកូវីដ១៩។
ការស្ទង់មតិខាងលើបានរកឃើញទៀតថា ការប្រើប្រាស់អង្ករប្រចាំខែសម្រាប់មនុស្សម្នាក់បានធ្លាក់ចុះពី ៩,៧ គីឡូក្រាមក្នុងឆ្នាំ ២០១០ មកត្រឹម ៧,៦ គីឡូក្រាមកាលពីឆ្នាំមុន។
ម៉្យាងវិញទៀត ការប្រើប្រាស់សាច់សម្រាប់មនុស្សម្នាក់បានកើនឡើងពី ១,៨ គីឡូក្រាមក្នុងមួយខែ ក្នុងឆ្នាំ ២០១០ ដល់ ២,៣ គីឡូក្រាម កាលពីឆ្នាំមុន។ ការប្រើប្រាស់ស្រាបៀរ និងគ្រឿងស្រវឹងក្នុងមនុស្សម្នាក់ បានឈានដល់ ១,៣ លីត្រក្នុងមួយខែ កាលពីឆ្នាំមុន ដោយឡើងពី ០,៩ លីត្រក្នុងឆ្នាំ ២០១៨៕